នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការសម្លាប់បុរសជនជាតិអ៊ីស្រាអែលម្នាក់ នៅក្នុងប្រទេសអារ៉ាប់រួម ថាជា «ការវាយប្រហារភេរវកម្ម ឧក្រិដ្ឋកម្ម និងប្រឆាំងជនជាតិជ្វីហ្វ»។ ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសជនជាតិអ៊ីស្រាអែល ឈ្មោះ Zvi Kogan បានបាត់ខ្លួននៅក្នុងប្រទេសអារ៉ាប់រួម ហើយត្រូវបានរកឃើញថាត្រូវបានគេសម្លាប់។

លោក Kogan ជាអ្នកបម្រើការនៅក្នុងប្រទេសឈូងសមុទ្រអារ៉ាប់ សម្រាប់ក្រុមជនជាតិជ្វីហ្វនិយមជ្រុល មានឈ្មោះថា Chabad បានបាត់ខ្លួននៅក្នុងទីក្រុងឌូបៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។
នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បាននិយាយថា លោកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសហព័ន្ធ UAW ក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ។ លោក Netanyahu និយាយថា «បន្ថែមលើនេះ នៅចំពោះមុខការប៉ុនប៉ងអំពើអាក្រក់ ដើម្បីបំផ្លាញទំនាក់ទំនងសន្តិភាពរបស់យើង យើងនឹងពង្រឹង និងមានចំណាត់ការបន្ថែមទៀត ដើម្បីពង្រីកស្ថិរភាពនៅក្នុងតំបន់។

យោងតាមគេហទំព័ររបស់ក្រុម Chabad បានឲ្យដឹងថា សាខារបស់ក្រុម Chabad នៅប្រទេសអារ៉ាប់រួម គឺគាំទ្រអ្នកចូលមកកម្សាន្ត និងគាំទ្រប្រជាជនជ្វីហ្វរាប់ពាន់នាក់ ។
អាជ្ញាធរអ៊ីស្រាអែល បានចេញការណែនាំជាថ្មីប្រឆាំងការធ្វើដំណើរដែលមិនចាំបាច់ទាំងអស់ទៅកាន់ ប្រទេសអារ៉ាប់រួម និងបាននិយាយថា ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ គួរតែកាត់បន្ថយការធ្វើដំណើរ ស្នាក់នៅក្នុងតំបន់សុវត្ថិភាព និងជៀសវាងកន្លែងប្រមូលផ្តុំគ្នា និងកន្លែងកម្សាន្តដែលទាក់ទងនឹងប្រជាជនអ៊ីស្រាអែល និងជនជាតិជ្វីហ្វ។