ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសបូលីវី បានបណ្តាលឱ្យទឹកទន្លេ Pasajahuira ពេញហៀរ ជន់លិចសង្កាត់ Bajo Llojeta ជាយទីក្រុង La Paz និងបណ្តាលឱ្យមនុស្សជាច្រើន ជាប់នៅក្នុងលំនៅឋារបស់ពួកគេ ដែលត្រូវរង់ចាំក្រុមជួយសង្គ្រោះ។

អាជ្ញាធរសង្កាត់ Bajo Llojeta បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រជាជនបានស្រែក និងមានភាពអស់សង្ឃឹមខ្លាំង។ អាជ្ញាធរនិយាយថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានបាត់ខ្លួន ហើយឪពុកម្តាយរបស់នាងបង្ហាញទុក្ខព្រួយយ៉ាងខ្លាំង។

មនុស្សជាច្រើន ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេតាមដំបូលផ្ទះ ព្រោះពុំមានផ្លូវផ្សេងទៀតដើម្បីចេញនោះទេ ដោយសារតែដីល្បប់ជ្រៅពេក។
យោងតាមអាជ្ញាធរតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦នាក់បានរងរបួស និងលំនៅឋានជាង៤០ខ្នង បានរងការខូចខាតដោយសារទឹកជំនន់។
បុគ្គលិកយោធាប្រមាណ ៣០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយជម្លៀសអ្នកស្រុក និងសម្អាតតំបន់នោះ។
ប្រធានាធិបតី លោក លូអ៊ីស អាស (Luis Arce) បានចុះទៅពិនិត្យសហគមន៍ និងបានសន្យាអនុវត្ត «ការងារទាំងអស់ដែលចាំបាច់» ដើម្បីស្ដារតំបន់នេះឡើងវិញ និងបើកការស៊ើបអង្កេតលើមូលហេតុនៃគ្រោះមហន្តរាយនេះ។