ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា ថា ប្រទេសអ៊ីរ៉ង់ នឹងចាប់ផ្តើមការចរចាអំពីកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ខ្លួន ជាមួយប្រទេសមហាអំណាចនៅអឺរ៉ុបចំនួនបីនៅថ្ងៃទី២៩ ខែវិច្ឆិកា ប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចប្រឆាំងទីក្រុងតេអេរ៉ង់។

អ៊ីរ៉ង់ បានប្រតិកម្មទៅនឹងសេចក្តីសម្រេច ដែលបានស្នើឡើងដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ(Kyodo) របស់ប្រទេសជប៉ុន ដែលបានរាយការណ៍ដំបូងថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ នៅទីក្រុងហ្សឺណែវ ដោយនិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្ស៊េស្គីអាន(Masoud Pezeshkian) កំពុងស្វែងរកដំណោះស្រាយចំពោះភាពជាប់គាំងនុយក្លេអ៊ែរ មុនពេលការឡើងកាន់តំណែងរបស់ធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump នៅខែមករា។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានអះអាងថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រខាងមុខនេះ ហើយ ទីក្រុងតេអេរ៉ង់ នៅតែជឿជាក់ថាបញ្ហានុយក្លេអ៊ែរ នឹងត្រូវបានដោះស្រាយតាមរយៈផ្នែកការទូត។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និងអង់គ្លេស នឹងចូលរួមក្នុងកិច្ចពិភាក្សា ដែលលោកបាននិយាយថា នឹងគ្របដណ្តប់លើបញ្ហានានាក្នុងតំបន់ ព្រមទាំងបញ្ហានុយក្លេអ៊ែរផងដែរ។