ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលផ្តល់ជំនួយសង្គ្រោះបំណុលដល់អ្នកដែលចុះឈ្មោះចូលបម្រើយោធា។ ចំណាត់ការនេះ ត្រូវបានធ្វើឡើង ដែលត្រូវបានគេមើលឃើញថាជាជំហានដើម្បីជ្រើសរើសទាហានបន្ថែមទៀតទៅប្រយុទ្ធក្នុងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ច្បាប់នេះ ផ្តល់ការលើកលែងចំពោះបំណុលដែលជំពាក់រហូតដល់១០លានរូប្លិ៍ ឬប្រហែល៩៦.០០០ ដុល្លារ ដល់ទាហានជ្រើសរើសថ្មី ប្រសិនបើពួកគេចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំ ឬយូរជាងនេះ នៅថ្ងៃទី១ ខែធ្នូ ឬក្រោយមកទៀត។ វិធានការនេះ ក៏នឹងអនុវត្តចំពោះប្តីប្រពន្ធរបស់ពួកគេផងដែរ។

រដ្ឋបាលរបស់លោក ពូទីន កំពុងព្យាយាមជ្រើសរើសទាហានជាប់កិច្ចសន្យា ជាជាងការបង្កើនការកែណ្ឌកងទ័ព ដែលប្រឈមមុខទៅនឹងការមិនសប្បាយចិត្តជាខ្លាំងពីសំណាក់សាធារណៈជន។
ប្រាក់បៀវត្សរ៍ខ្ពស់សម្រាប់ទាហានជាប់កិច្ចសន្យា និងការលើកលែងទោសសម្រាប់អ្នកទោស ដែលបានចុះឈ្មោះក្នុងជួរកងទ័ព ក៏ត្រូវបានផ្តល់ឲ្យផងដែរ។
រុស្ស៊ី ក៏ទំនងជាកំពុងជ្រើសរើសជនបរទេសដើម្បីពង្រឹងកម្លាំងរបស់ខ្លួនទៅប្រយុទ្ធនៅអ៊ុយក្រែន។ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលជនជាតិយេម៉ែនរាប់រយនាក់ ទៅកាន់សមរភូមិមុខ នៅប្រទេសអ៊ុយក្រែន។
របាយការណ៍បាននិយាយថា អ្នកទាំងនោះត្រូវបានផ្តល់ការងារ ប្រាក់ខែខ្ពស់ និងសញ្ជាតិរុស្ស៊ី ប៉ុន្តែត្រូវបានបង្ខំឱ្យចូលបម្រើយោធាបន្ទាប់ពីបានទៅដល់ប្រទេសរុស្ស៊ី។ ជនជាតិឥណ្ឌា និងនេប៉ាល់មួយចំនួនក៏ត្រូវបានបញ្ជាក់ថា ស្ថិតក្នុងចំណោមជនបរទេសដែលត្រូវបានជួលដោយកងកម្លាំងរុស្ស៊ី។