ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានបួងសួងថ្វាយព្រះពរព្រះ ករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការ យាងគ្រងព្រះបរមសិរីរាជសម្បត្តិ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៩ ខែតុលានេះ បានសរសេរថា ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះ រាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច និងភរិយា សូមព្រះ បរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតា ឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះ វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះ រាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ ប្រថាប់ក្នុង ព្រះបរមសិរី រាជសម្បត្តិ ជាព្រះម្លប់ សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់ៗរូប។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ សម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ក្នុងរយៈពេល១៦ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះអង្គ បានយកព្រះទ័យទុកដាក់ ខ្ពស់ បំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គម កិច្ច សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។ ព្រះអង្គ តែងតែចូលរួមចំណែកបរិច្ចាគថវិកាជួយសាងសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ។ល។
ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្ត្រ ជាពិសេសតែងបានប្រទានថវិកាជារៀងរាល់ខែជួយ ទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។ ព្រះអង្គ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ៕
អត្ថបទ ៖ មុត សុទ្ធ

