មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី » បណ្តាមេដឹកនាំបក្សនយោបាយ បានសំដែងការអបអរសាទរ និងយល់ឃើញថាសម្តេចតេជោ ពិតជាស័ក្តិសមទទួបានពាន់រង្វាន់មេ ដាយសន្តិភាពនេះ ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រាប់BTVនៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីធានានិរន្តរភាពសុខសន្តិ ភាពពេញបរិបូរនៅក្នុងប្រទេស ដូច្នេះសម្តេចតេជោ ពិតជាស័ក្តិសមទទួលបាលពានរង្វាន់មេដាយ «សន្តិភាពដើម្បី មនុស្សជាតិ និងភពផែនដី» ។
លោក បានបញ្ជាក់ថា ក្នុងនាមលោកជាអ្នកនយោបាយមួយរូប នឹងយកគំរូតាមការដឹកនាំរបស់សម្តេចតេជោ ដែលគិតពីសុខទុក្ខប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ ដោយផ្ដោតលើការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ និងរក្សាសុខសន្តិភាព ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានសំដែងការអបអរសាទរដែរចំពោះសម្តេចតេជោ ដែលទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី »។ ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសបំផុតសម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបង្ហាញទៅលើឆាកអន្តរជាតិថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញបរិបូណ៌ ក្រោមការស្វះស្វែងរកសុខសន្តិភាពពីសម្តេចតេជោ។ កត្តាសុខសន្តិភាព មានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។
សូមបញ្ជាក់ដែរថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែ វិច្ឆិកានេះ បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺពានរង្វាន់មេដាយ «សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី »។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ក្នុងពិធីបើកជាផ្លូវការសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរក សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ៕ អត្ថបទ៖ សោភ័ណ
