ប្រតិបត្តិករទីផ្សារថាមពលប្រទេសអូស្ត្រាលី (AEMO) បានព្រមាននៅថ្ងៃចន្ទនេះថា រដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការដាច់ចរន្តអគ្គិសនី ក្នុងពេលមានការព្យាករណ៍ពីរលកកម្តៅដែលខិតជិតមកដល់។

ប្រតិបត្តិករ AEMO បានចេញការព្រមានអំពីហានិភ័យនៃការដាច់ចរន្តអគ្គិសនីសម្រាប់រដ្ឋ New South Wales រួមទាំងទីក្រុងស៊ីដនី ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយតម្រូវការអគ្គិសនី ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែអាកាសធាតុក្តៅ។

សីតុណ្ហភាពអតិបរមា នៅទីក្រុងស៊ីដនី ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៣១ អង្សាសេ នៅថ្ងៃអង្គារ និង ៣៣ អង្សាសេនៅថ្ងៃពុធ។ នៅតំបន់ផ្សេងៗទៀតនៃរដ្ឋដែលមានប្រជាជនចំនួន៨,៤លាននាក់ សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងលើសពី៣៩អង្សារសេ។
ការិយាល័យឧតុនិយម កាលពីថ្ងៃអាទិត្យ បានចេញការព្រមានអំពីរលកកម្តៅសម្រាប់ឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅច្រើនរបស់រដ្ឋ សម្រាប់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃចន្ទនេះ។
ប្រតិបត្តិករ AEMO បាននិយាយនៅថ្ងៃចន្ទនេះថា តម្រូវការអគ្គិសនី អាចលើសពីការផ្គត់ផ្គង់ខណៈប្រជាជនបើកម៉ាស៊ីនត្រជាក់ច្រើន បណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ យ៉ាងហោចណាស់អង្គភាពម៉ាស៊ីនភ្លើងមួយនៅរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួនបីនៅរដ្ឋ New South Wales បច្ចុប្បន្នផ្អាកដំណើរការសម្រាប់ការថែទាំ ឬជួសជុល ដែលប្រតិបត្តិការ AEMO និយាយថាកំពុងធ្វើឱ្យមានហានិភ័យនៃការដាច់ចរន្តអគ្គិសនី កាន់តែធ្ងន់ធ្ងរ។
ដើម្បីឆ្លើយតបទៅនឹងហានិភ័យកើនឡើង ប្រតិបត្តិករ AEMO និយាយថា ខ្លួនកំពុងចាត់វិធានការកាត់បន្ថយការប្រើប្រាស់ថាមពល រួមទាំងការស្នើសុំឱ្យអ្នកប្រើប្រាស់ធំៗដូចជារោងចក្ររំលាយលោហៈធាតុ និងរោងចក្រកែច្នៃ ត្រូវបិទ។