យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL មួយគ្រឿង បានធ្លាក់ចូលលំនៅឋានមួយ នៅព្រឹកថ្ងៃចន្ទនេះ នៅជិតរដ្ឋធានី ប្រទេសលីទុយអានី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។

ទូរទស្សន៍រដ្ឋ LRT របស់ប្រទេសលីទុយអានី បានដកស្រង់សម្តីមន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្សពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឧបទ្ទវហេតុធ្លាក់យន្តហោះ ហើយម្នាក់ក្រោយមកត្រូវបានគេប្រកាសថាស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយ LRT រាយការណ៍ថា យន្តហោះបានបុកលំនៅឋានកម្ពស់ពីរជាន់ នៅជិតអាកាសយានដ្ឋានអន្តរជាតិ Vilnius ។
អាជ្ញាធរអាកាសយានដ្ឋានប្រទេសលីទុយអានី បានកំណត់អត្តសញ្ញាណយន្តហោះនោះ ថាជាយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL មកពីទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។ អាជ្ញាធរ បានបង្ហោះនៅលើវេទិកាផ្សព្វផ្សាយសង្គម X ថា អង្គភាពសេវាសង្គ្រោះនានានៅក្នុងទីក្រុងរួមទាំងរថយន្តពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុភ្លាមៗ។
ទិន្នន័យតាមដានជើងហោះហើរ FlightRadar24 ដែលបានវិភាគដោយសារព័ត៌មានAP បានបង្ហាញថា យន្តហោះបានបត់ទៅភាគខាងជើងអាកាសយានដ្ឋាន ដោយត្រៀមសម្រាប់ការចុះចត មុនពេលធ្លាក់នៅចម្ងាយ ១,៥គីឡូម៉ែត្រនៃផ្លូវរត់។
អាជ្ញាធរពុំបានប្រាប់ពីមូលហេតុ នៃការធ្លាក់យន្តហោះនេះភ្លាមៗទេ ដែលបានកើតឡើងនៅមុនម៉ោង៥ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក។