ប្រភពក្នុងតំបន់មួយបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា នៅលីបង់ គឺ “ជិតសម្រេចបានហើយ” បើទោះបីជាអ៊ីស្រាអែល បង្កើនការវាយប្រហារនៅលីបង់ ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ដោយធ្វើឱ្យចំនួនអ្នកស្លាប់បានឆ្លងកាត់ដំណាក់កាលដ៏អាក្រក់មួយក៏ដោយ។

មនុស្សជាង ៣.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីការកើនឡើងនៃអរិភាពនៅពាក់កណ្តាលខែកញ្ញា នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់ ដែលនេះបញ្ជាក់ពីភាពបន្ទាន់នៃកិច្ចព្រមព្រៀងបទឈប់បាញ់។

ប្រភពក្នុងតំបន់បានបង្ហើបថា ខណៈពេលដែលកិច្ចព្រមព្រៀងកាន់តែខិតជិតជាងពេលណាៗទាំងអស់ វាមិនទាន់ត្រូវបានបង្កើតឡើងពេញលេញនៅឡើយ។ ក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែលបានព្រមានថា មិនទាន់មានភ្លើងខៀវពីអ្នកសម្រុះសម្រួលនៅឡើយទេ។

អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់ CNN ថា "យើងកំពុងធ្វើដំណើរក្នុងទិសដៅនេះ ប៉ុន្តែនៅតែមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ"។ គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមហេសបូឡា បាននឹងកំពុងពិចារណាលើសំណើរបស់អាមេរិក និងអ៊ីស្រាអែល សម្រាប់ការផ្អាកប្រយុទ្ធរយៈពេល ៦០ថ្ងៃ ដែលអន្តរជាតិសង្ឃឹមថាអាចបង្កើតជាមូលដ្ឋាននៃបទឈប់បាញ់ដ៏យូរអង្វែងមួយ។
គួររម្លឹកថា អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកដ៏ធំមួយលើលីបង់ នៅពាក់កណ្តាលខែកញ្ញា បន្ទាប់ពីការវាយប្រហារតបតគ្នាតាមព្រំដែនជាច្រើនខែ ដែលបានចាប់ផ្តើមនៅពេលក្រុមហេសបូឡា បានវាយប្រហារអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស និងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា៕