ប្រភពសន្តិសុខមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីថា កងកម្លាំងទីក្រុងមូស្គូ បានចាប់ខ្លួនទាហានស៊ីឈ្នួលអង់គ្លេសម្នាក់ ដែលកំពុងប្រយុទ្ធរួមគ្នាជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលនៅតែត្រូវបានគ្រប់គ្រងដោយផ្នែកពីកងកម្លាំងទីក្រុងគីវ។

ប្រភពរុស្ស៊ីបានប្រាប់ RIA ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា "ទាហានស៊ីឈ្នួលម្នាក់មកពីចក្រភពអង់គ្លេស ដែលហៅខ្លួនឯងថា ជេមស៍ ស្កុត រី អាន់ឌ័រសុន (James Scott Rhys Anderson) ត្រូវបានចាប់ខ្លួន"។

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញតេលេក្រាមក្រៅផ្លូវការរបស់រុស្ស៊ីដែលគាំទ្រសង្គ្រាម កាលពីថ្ងៃអាទិត្យ បានបង្ហាញ បុរសមានពុកចង្ការម្នាក់ ស្លៀកសម្លៀកបំពាក់យោធា ដែលដៃរបស់គេហាក់ត្រូវបានចង និយាយជាភាសាអង់គ្លេសថាឈ្មោះរបស់គេគឺ James Scott Rhys Anderson ហើយថាខ្លួនធ្លាប់បម្រើការនៅក្នុងកងទ័ពអង់គ្លេស។

គេមិនដឹងច្បាស់ឡើយថាវីដេអូនេះត្រូវបានគេថតនៅពេលណា។ ការិយាល័យក្រសួងការបរទេសអង់គ្លេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ សារព័ត៌មាន BBC បានរាយការណ៍មុននោះថា ក្រសួងការបរទេសអង់គ្លេសប្រាប់ថា ខ្លួនកំពុង "គាំទ្រដល់គ្រួសាររបស់បុរសជនជាតិអង់គ្លេសម្នាក់ បន្ទាប់ពីមានរបាយការណ៍អំពីការឃុំខ្លួននេះ" ៕