ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរ បានរាយការណ៍នៅថ្ងៃចន្ទ (២៥ វិច្ឆិកា) នេះថា កន្លែងដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីគឺនៅផ្ទះ ហើយជាមធ្យមស្ត្រី និងក្មេងស្រីចំនួន ១៤០នាក់ ត្រូវបានសម្លាប់ដោយដៃគូជិតស្និទ្ធ ឬសមាជិកគ្រួសារក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។

នៅទូទាំងពិភពលោក ដៃគូជិតស្និទ្ធ ឬសមាជិកគ្រួសារ ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ស្ត្រី និងកុមារីប្រមាណ ៥១.១០០នាក់ក្នុងកំឡុងឆ្នាំ២០២៣ ដែលជាកំណើនពីតួលេខជនរងគ្រោះប៉ាន់ស្មានចំនួន ៤៨.៨០០នាក់ក្នុងឆ្នាំ២០២២ នេះបើតាមការបញ្ជាក់ពីសា្ថប័នស្រ្តីរបស់អង្គការសហប្រជាជាតិ (UN Women) និងការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC)។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី បាននិយាយថា កំណើននេះភាគច្រើនជាលទ្ធផលនៃទិន្នន័យដែលអាចរកបានកាន់តែច្រើនពីប្រទេសនានា និងមិនមែនមកពីការសម្លាប់ថ្មីៗនោះទេ។

ប៉ុន្តែទីភ្នាក់ងារទាំងពីរនេះបានសង្កត់ធ្ងន់ថា “ស្ត្រី និងកុមារីនៅគ្រប់ទីកន្លែង បានបន្តរងផលប៉ះពាល់ដោយទម្រង់ធ្ងន់ធ្ងរនៃហិង្សាយេនឌ័រ ហើយផ្ទះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់ពួកគេ”។ របាយការណ៍បន្ថែមថា ចំនួនអ្នកស្លាប់ដោយសារដៃគូស្និទ្ធស្នាល និងក្រុមគ្រួសារខ្ពស់បំផុតគឺនៅទ្វីបអាហ្រ្វិក ដែលមានជនរងគ្រោះប្រមាណ ២១.៧០០នាក់ ក្នុងឆ្នាំ២០២៣៕