យោងតាមប្រភព និងរបាយការណ៍ទីភ្នាក់ងារជំនួយផ្ទៃក្នុងបានឱ្យដឹងថា ក្រុមអ្នកប្រយុទ្ធជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ នៅជំរំជនភៀសខ្លួនដ៏ធំក្នុងពិភពលោក Cox's Bazar របស់បង់ក្លាដែស ជាទីដែលការជ្រើសរើសក្រុមសកម្មប្រយុទ្ធ និងអំពើហិង្សាបានកើនឡើងនៅឆ្នាំនេះ ត្រូវបានរបបសឹកជួលឱ្យប្រយុទ្ធនៅមីយ៉ាន់ម៉ា ជាមួយក្រុមបះបោរនៃកងទ័ពជនជាតិភាគតិចអារ៉ាកាន AA។

អ្នកប្រយុទ្ធរ៉ូហ៊ីងយ៉ាជាច្រើនបានចូលរួមជាមួយក្រុម ដែលមានសម្ព័ន្ធមិត្តជាមួយអតីតអ្នកធ្វើទុក្ខបុកម្នេញយោធារបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងជីវពលជនជាតិភាគតិចនៃកងទ័ព Arakan ដែលបានដណ្តើមកាន់កាប់រដ្ឋ រ៉ាឃីន ភាគខាងលិចមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនបានភៀសខ្លួនចេញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ជាលើកដំបូងអំពីទំហំនៃការជ្រើសរើសដោយក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ានៅក្នុងជំរំភៀសខ្លួននោះ ដែលសរុបមានយុទ្ធជនចន្លោះពី ៣.០០០ ទៅ ៥.០០០នាក់។
សារព័ត៌មាននេះក៏បង្ហាញពីភាពជាក់លាក់នៃពីការចរចាដែលបរាជ័យរវាងជនជាតិរ៉ូហ៊ីងយ៉ា និងកងទ័ពអារ៉ាកាន រួមទាំងការលើកទឹកចិត្តដែលរបបសឹកផ្ដល់ឱ្យយុទ្ធជនរ៉ូហ៊ីងយ៉ាទាំងនោះ ដូចជាថវិកា និងឯកសារសញ្ជាតិជាដើម។

គួររម្លឹកថា យោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបង្កឱ្យមានការប្រយុទ្ធកាន់តែខ្លាំងជាមួយនឹងកងជីវពលប្រដាប់អាវុធដែលបានបង្កើតឡើងជាយូរមកហើយដោយក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា នៅក្នុងតំបន់ព្រំដែនរបស់ខ្លួន៕