បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី បាននិយាយកាលពីថ្ងៃអាទិត្យថា វាពិតជា«សំខាន់ណាស់» ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សា ដើម្បីចៀសវាងការអូសប្រទេសនេះ ចូលទៅក្នុងសង្រ្គាមក្នុងតំបន់។

លោក Geir Pedersen បាននិយាយមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី នៅទីក្រុងដាម៉ាស ថា៖«ឥឡូវនេះ យើងត្រូវធ្វើឲ្យប្រាកដថា យើងមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា ហើយយើងមានបទឈប់បាញ់នៅលីបង់ ដូច្នេះយើងនឹងអាចបញ្ចៀសប្រទេសស៊ីរីពីការអូសចូលទៅក្នុងជម្លោះនេះ។

លោកបានបន្ថែមថា៖«យើងយល់ស្របថា វាសំខាន់ខ្លាំងណាស់ដែលយើងកាត់បន្ថយភាពតានតឹង ដើម្បីកុំឲ្យស៊ីរីត្រូវបានអូសចូលទៅក្នុងជម្លោះក្នុងតំបន់នេះ»។ ចាប់តាំងពីសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី បានផ្ទុះឡើង ក្នុងឆ្នាំ ២០១១ អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយដង នៅក្នុងប្រទេសនេះ ដោយកំណត់គោលដៅសំខាន់ទៅលើកងទ័ព និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។
យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើគោលដៅនានា ក្នុងប្រទេសស៊ីរី ចាប់តាំងពីជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ដែលនៅជិតខាង បានឈានដល់សង្រ្គាមទ្រង់ទ្រាយធំ នៅចុងខែកញ្ញា បន្ទាប់ពីមានអរិភាពឆ្លងព្រំដែនជិតមួយឆ្នាំនោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Palmyra កាលពីដើមសប្តាហ៍មុន បានសម្លាប់មនុស្សចំនួន ១០៥នាក់ ដែលភាគច្រើនជាក្រុមយុទ្ធជនគាំទ្រអ៊ីរ៉ង់ នៅក្នុងការវាយប្រហារដ៏សាហាវបំផុតលើក្រុមសកម្មប្រយុទ្ធ រហូតមកដល់បច្ចុប្បន្ន។