លោកប្រធានាធិបតី វ៉្លូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនត្រូវការពង្រឹងការការពារដែនអាកាសរបស់ខ្លួន ដើម្បីការពារប្រជាជន បន្ទាប់ពីអង្គភាពការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីចំនួន ៥០គ្រឿង ក្នុងចំណោម ៧៣គ្រឿង ដែលបានបាញ់បង្ហោះនៅពេលយប់ ពីខាងលើតំបន់ជាច្រើន។
លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសារតាមTelegramថា៖«ការជូនដំណឹងតាមអាកាស ត្រូវបានបន្លឺឡើងស្ទើរតែរាល់ថ្ងៃ នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន»។
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសរុស្ស៊ី បានប្រើប្រាស់គ្រាប់បែកទម្លាក់ពីលើអាកាសតម្រង់គោលដៅជាង ៨០០គ្រាប់ យានដ្រូនវាយប្រហារប្រហែល ៤៦០ គ្រឿង និងមីស៊ីលជាង ២០ ប្រភេទផ្សេងៗគ្នា។
លោក បាននិយាយថា៖«អ៊ុយក្រែនមិនមែនជាកន្លែងសាកល្បងអាវុធទេ។ អ៊ុយក្រែនជារដ្ឋអធិបតេយ្យ និងឯករាជ្យ។ ប៉ុន្តែរុស្ស៊ីនៅតែបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្លាប់ប្រជាជនរបស់យើង បង្កឲ្យមានការភ័យខ្លាច និងភ័យស្លន់ស្លោ និងធ្វើឲ្យយើងចុះខ្សោយ»។
យោធាអ៊ុយក្រែនបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា អង្គភាពការពារដែនអាកាស បានបំផ្លាញយានដ្រូនរុស្ស៊ីជាង ១០គ្រឿង ដែលបានកំណត់គោលដៅទៅលើទីក្រុងគីវ ក្នុងការវាយប្រហារនៅពេលយប់។
រដ្ឋបាលយោធារបស់ទីក្រុងគីវ បានបង្ហោះនៅលើ Telegramថា ពុំមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួស ដោយសារការវាយប្រហារនោះទេ។