អ្នកគាំទ្ររាប់ម៉ឺននាក់របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ដែលកំពុងជាប់ពន្ធនាគារ បានធ្វើបាតុកម្មឆ្ពោះទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដ ពីទូទាំងប្រទេសទាមទារឱ្យមានការដោះលែងលោក ដោយមានការប៉ះទង្គិចជាមួយនគរបាល។
មន្ត្រីសន្តិសុខម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា នគរបាលប៉ាគីស្ថាន បានចាប់ខ្លួនអ្នកគាំទ្រលោក Khan ជាង ៤.០០០នាក់ រួមមានសមាជិកសភា ៥នាក់ ហើយរដ្ឋធានីនៅតែស្ថិតក្រោមការបិទខ្ទប់។
លោក Khan បានស្ថិតនៅពីក្រោយការឃុំខ្លួនអស់ជាងមួយឆ្នាំ ហើយរងបទព្រហ្មទណ្ឌជាង ១៥០ករណី ប៉ុន្តែលោកនៅតែមានប្រជាប្រិយភាព។
នគរបាល ចោទក្រុមបាតុករថាគប់ដុំថ្មមកលើពួកគេ ដែលនាំឱ្យមន្ត្រី ១៤នាក់ត្រូវចូលមន្ទីរពេទ្យ ប៉ុន្តែសមាជិកបក្ស PTI របស់លោក Khan អះអាងថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ចូលទៅក្នុងហ្វូងមនុស្ស ហើយប្រើដំបងរុញច្រានលើបាតុករ។
ប៉ាគីស្ថាន ចាប់តាំងពីថ្ងៃសៅរ៍ បានបិទរដ្ឋធានីអ៊ីស្លាម៉ាបាដ ដោយប្រើកុងតឺន័រដឹកជញ្ជូនធំៗដើម្បីបិទផ្លូវសំខាន់ៗ និងផ្លូវហាយវេ ដែលតភ្ជាប់ទីក្រុងនេះជាមួយទីតាំងបក្ស PTI ក្នុងខេត្ត ផុនចាប (Punjab) និងខេត្ត ខាយប៊័រ ផាកតុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យ ហើយនៅព្រឹកថ្ងៃអាទិត្យ ប៉ាគីស្ថានបានផ្អាកសេវាទូរសព្ទ និងអ៊ីនធឺណិតនៅក្នុងតំបន់ជុំវិញកង្វល់សុវត្ថិភាព៕