អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ពិធីករទូរទស្សន៍លោក Pavel Zarubin ថា រុស្ស៊ីបានបង្ហាញការទទួលខុសត្រូវ ដោយព្រមានសហរដ្ឋអាមេរិកអំពីការបាញ់មីស៊ីលរយៈចម្ងាយមធ្យម Oreshnik ទោះបីជាវាមិនចាំបាច់ធ្វើដូច្នោះក៏ដោយ។
អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកយកព័ត៌មានពីក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុរដ្ឋរបស់រុស្ស៊ីថា៖«មីស៊ីល Oreshnik នេះ មិនស្ថិតក្រោមឯកសារណាមួយដែលចងឲ្យយើងជូនដំណឹងដល់ប្រជាជនអាមេរិកជាមុនទេ ព្រោះវាជាមីស៊ីលរយៈចម្ងាយមធ្យម។ ប៉ុន្តែដោយសារវាជាមីស៊ីលបាលីស្ទីក វាត្រូវបានតាមដានដោយប្រព័ន្ធព្រមានស្វ័យប្រវត្តិ។ នេះគឺជាការសម្រេចដោយការទទួលខុសត្រូវលើផ្នែករបស់សហព័ន្ធរុស្ស៊ី»។
សហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងដោយស្វ័យប្រវត្តិរយៈពេល ៣០នាទី មុនពេលចាប់ផ្តើមដោយមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យនុយក្លេអ៊ែររបស់រុស្ស៊ី។
លោក ពូទីន បាននិយាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលបាលស្ទីករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង Oreshnik ថ្មីបំផុតរបស់ខ្លួន ជាមួយនឹងក្បាលគ្រាប់ដែលមិនមែននយក្លេអ៊ែរ នៅឯរោងចក្រឧស្សាហកម្មការពារជាតិអ៊ុយក្រែន នៅទីក្រុង Dnepr ។ យោងតាមលោកប្រធានាធិបតី បានឲ្យដឹងថា នេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារចូលទឹកដីរុស្ស៊ីដោយប្រើអាវុធរបស់ចក្រភពអង់គ្លេស។ មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា រុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ពាក់ព័ន្ធនឹងផែនការរបស់អាមេរិក ក្នុងការផលិត និងដាក់ពង្រាយអាវុធស្រដៀងគ្នានេះ នៅអឺរ៉ុប និងអាស៊ី-ប៉ាស៊ីហ្វិក។