ផ្សែងបានផុសចេញពីអគាររងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតនៅព្រឹកថ្ងៃចន្ទនេះ ក្រោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលកាលពីយប់កន្លងទៅ ។
បេតុងខ្ទេចខ្ទី និងចម្រឹងដែកពីអគារខូចខាត ត្រូវបានមើលឃើញនៅតាមតំបន់មួយចំនួន ហើយគម្ទេចកម្ទី បានរាយប៉ាយពាសពេញផ្លូវនៅក្បែរនោះ ។
ក្រុមការងារ នាំគ្នាបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវដោយប្រើប្រាស់គ្រឿងចក្រ ក្រោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ ។
ចលនាប្រដាប់អាវុធធន់ធ្ងន់ហេសបូឡា បានផ្លោងគ្រាប់រ៉ុក្កេតលើអ៊ីស្រាអែកាលពីថ្ងៃអាទិត្យ ហើយយោធាអ៊ីស្រាអែល និយាយថា ផ្ទះជាច្រើនខ្នង រងការបំផ្លិចបំផ្លាញ ឬកើតជាអគ្គិភ័យនៅជិតទីក្រុងតែលអាវីវ ក្រោយការវាយប្រហារតាមច្រកអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់នៅទីក្រុងបេរូត កាលពីរយៈពេល ១ថ្ងៃមុន ។
អ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុងភាគខាតត្បូងទីក្រុងបេរូតគ្រប់គ្រងដោយក្រុមហេសបូឡា ផងដែរ ខណៈការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាកាលពីរយៈពេល ២សប្តាហ៍កន្លងមកនេះ គាប់ជួននឹងសញ្ញានៃវឌ្ឍនភាពក្នុងកិច្ចប្រជុំស្វែងរកបទឈប់បាញ់ដឹកនាំដោយសហរដ្ឋអាមេរិក ។
អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ កាលពីខែកញ្ញាកន្លងទៅ នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ រួមទាំងតំបន់ជ្រលងភ្នំ Bekaa និងតំបន់ភាគខាងត្បូងទីក្រុងបេរូត ជាមួយនឹងការវាយប្រហារតាមច្រកអាកាស ក្រោយជម្លោះរយៈពេលជិត ១ឆ្នាំ ដែលបានផ្ទុះឡើងដោយសារសង្រ្គាមតំបន់ហ្កាហ្សាស្រ្ទីប ៕