ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យ៉ូល ( Yoon Suk Yeol) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានព្រមព្រៀងគ្នា នៅថ្ងែចន្ទនេះ ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ នៅក្នុងឧស្សាហកម្មការពារជាតិ ពាណិជ្ជកម្ម ថាមពល ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងវិស័យផ្សេងៗទៀត។
មេដឹកនាំទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយ ដែលបានធ្វើឡើងជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់លោក អាន់វ៉ា ទៅកាន់កូរ៉េខាងត្បូង ដែលបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងនេះ បានសន្យាថា នឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខណៈដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងការទូតរបស់ពួកគេ។
លោក យូន បាននិយាយនៅក្នុងសុន្ទរកថាបើកពិធីថា៖«ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងពង្រីកលើសពីពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរគំនិតរវាងប្រជាជននិងប្រជាជន ដើម្បីរួមបញ្ចូល វិស័យការពារជាតិ ឧស្សាហកម្មសព្វាវុធ និងវិស័យដែលកំពុងរីកចម្រើន ដូចជាអ៊ីដ្រូសែនបៃតង និងរ៉ែសំខាន់ៗ»។
លោក អាន់វ៉ា បានកំណត់ផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ រួមទាំងបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល រួមជាមួយនឹងសន្តិសុខក្នុងតំបន់ ឧស្សាហកម្មការពារជាតិ និងភាពជាដៃគូសេដ្ឋកិច្ច។