ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីកូរ៉េខាងជើង និងរុស្ស៊ី បានជួបប្រជុំគ្នានៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ (ទី២៤ ខែវិច្ឆិកា) ដើម្បីពិភាក្សាអំពីការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងវិស័យកីឡានៃប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា បន្ទាប់មក រដ្ឋមន្ត្រីក្រសួងកីឡារបស់រុស្ស៊ី លោក Mikhail Degtyarev និងសមភាគីកូរ៉េខាងជើង លោក Kim Il Guk បានចុះហត្ថលេខាលើពិធីសារ សម្រាប់ការផ្លាស់ប្តូរវិស័យកីឡា នៅឆ្នាំ២០២៥។ គណៈប្រតិភូរុស្សីក៏បានធ្វើដំណើរទស្សនាកីឡដ្ឋានកូរ៉េខាងជើង និងការបង្ហាញក្បាច់គុនតេក្វាន់ដូផងដែរ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានលើកកម្ពស់ការផ្លាស់ប្តូរការទូត និងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគាំទ្រដោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់កូរ៉េខាងជើង កាលពីខែមិថុនា នៅពេលដែលមេដឹកនាំនៃប្រទេសទាំង២ បានយល់ព្រមលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក។
ការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ រវាងប្រទេសទាំង២ បានជំរុញឲ្យមានការភ្ញាក់ផ្អើលជាអន្តរជាតិ ដោយទីក្រុងវ៉ាស៊ីនតោន ទីក្រុងគីវ និងទីក្រុងសេអ៊ូល បានថ្កោលទោសកូរ៉េខាងជើង ចំពោះការបញ្ជូនគ្រឿងយុទ្ធោបករណ៍យោធា និងកងទ័ពជាង ១០.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន៕