អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានថ្កោលទោសចំពោះ «ការគំរាមកំហែងជាថ្មី» នៃគ្រាប់មីនប្រឆាំងមនុស្ស រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់អាវុធដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងការអត្ថាធិប្បាយដែលបានផ្ញើទៅកាន់សន្និសីទមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃសន្ធិសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស លោក អង់តូនីញ៉ូ ហ្គុយតឺរេស( Antonio Guterres) ប្រធានអង្គការសហប្រជាជាតិ បានសាទរចំពោះការងារបោសសម្អាត និងកម្ទេចគ្រាប់មីន នៅទូទាំងពិភពលោក។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា់៖«ប៉ុន្តែការគំរាមកំហែងនៅតែមាន។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ជាថ្មីនៃមីនប្រឆាំងមនុស្ស ដោយភាគីមួយចំនួននៃអនុសញ្ញានេះ ក៏ដូចជាភាគីមួយចំនួនដែល បានបរាជ័យក្នុងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការបំផ្លាញអាវុធទាំងនេះ»។
លោកបានអំពាវនាវឲ្យប្រទេសហត្ថលេខីចំនួន ១៦៤ ដែលរួមមានអ៊ុយក្រែន ប៉ុន្តែមិនមែនរុស្ស៊ី ឬសហរដ្ឋអាមេរិក ឲ្យ«បំពេញកាតព្វកិច្ចរបស់ពួកគេ និងធានាឲ្យមានការអនុលោមតាមអនុសញ្ញានេះ»។
ការលើកឡើងរបស់លោក ហ្គុយតឺរេស ត្រូវបានផ្តល់ដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Armida Salsiah Alisjahbana។
សារព័ត៌មាន AFP បានទាក់ទងការិយាល័យរបស់លោក ស្រី និងអ្នកនាំពាក្យរបស់លោក ហ្គុតឺរេស ដើម្បីសួរថាតើការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងសំដៅជាពិសេសចំពោះប្រទេសអ៊ុយក្រែនដែរឬទេ។

