មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួននៅអារ៉ាប់រួម ពាក់ព័ន្ធនឹងករណីសម្លាប់គ្រូបង្រៀនច្បាប់អ៊ីស្រាអែល Zvi Kogan ។ នេះបើយោងតាមការអះអាងពីក្រសួងមហាផ្ទៃអារ៉ាប់រួម ។
ក្រសួងពុំបានផ្តល់សេចក្តីលម្អិតណាមួយនោះទេលើជនសង្ស័យ ប៉ុន្តែពួកគេនិយាយថា ពួកគេនឹងប្រឆាំងយ៉ាងមុតមាំលើការគំរាមកំហែងណាមួយចំពោះអស្ថិរភាព ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានចាត់ទុកការសម្លាប់គ្រូបង្រៀនច្បាប់វ័យ ២៨ឆ្នាំម្នាក់នេះថា ជាទង្វើភេរវកម្មប្រឆាំងជនជាតិជ្វីហ្វ ហើយអ៊ីស្រាអែល នឹងធ្វើការដើម្បីតាមចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះអំពើឃាតកម្មមួយនេះ ។
សាកសពរបស់លោក Kogan ត្រូវបានរកឃើញនៅក្នុងទីក្រុង Al Ain របស់អារ៉ាប់រួម ។
ប្រភពព័ត៌មាន បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គេនៅពុំទាន់ដឹងច្បាស់នោះទេថាតើកន្លែងណាដែលគាត់ត្រូវបានសម្លាប់ ។
លោក Kogan បានគ្រប់គ្រងផ្សារទំនើបលក់ម្ហូបអាហារនៅទីក្រុង Dubai ។ លោកត្រូវបានគេមើលឃើញនៅមុខហាងក្នុងវីដេអូបង្ហោះលើបណ្តាញព័ត៌មានសង្គម រយៈពេល ២ថ្ងៃមុនពេលលោកបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ។
លោកធ្វើការឲ្យក្រុមជនជាតិជ្វីហ្វអូហ្សូដក់នៅក្នុងអារ៉ាប់រួមផងដែរ ។ សមាជិកមួយរូបនៅក្នុងគណបក្សនិយមស្តំា Likud របស់អ៊ីស្រាអែល និយាយថា ក្រុមស៊ើបអង្កេតសង្ស័យថាមានការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ ។
ប៉ុន្តែស្ថានទូតអ៊ីរ៉ង់ប្រចាំនៅអារ៉ាប់រួម បានធ្វើការច្រានចោលរាល់ការរួមចំណែកណាមួយនៅក្នុងអំពើឃាតកម្មមួយនេះ ។
អ៊ីស្រាអែល បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់អារ៉ាប់រួម និងស្នាក់នៅទីកន្លែងសុវត្ថិភាព បើសិនជាពួកគេស្នាក់នៅទីនោះរួចទៅហើយ ។
ខណៈពេលនោះដែរ សេតវិមាន និយាយថា ពួកគេនឹងសម្របសម្រួលយ៉ាងជិតស្និតជាមួយអ៊ីស្រាអែល និងអារ៉ាប់រួម ៕


