មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា ដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងក្នុងប្រទេសលីបង់ នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បាននិយាយថា ការកាត់ទោសប្រហារជីវិត គួរតែត្រូវបានចេញសម្រាប់បណ្ដាមេដឹកនាំអ៊ីស្រាអែល ពោលគឺមិនមែនដីកាចាប់ខ្លួននោះឡើយ។
លោក Ayatollah Ali Khamenei បាន និងកំពុងអត្ថាធិប្បាយ ជុំវិញការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អតីតប្រមុខការពារជាតិរបស់លោក និងមេដឹកនាំក្រុមហាម៉ាស លោក Ibrahim Al-Masri។
ដោយសំដៅទៅដល់បណ្ដាមេដឹកនាំអ៊ីស្រាអែល លោក Khamenei បាននិយាយថា៖ «ពួកគេបានចេញដីកាចាប់ខ្លួន។ ការធ្វើបែបនោះមិនទាន់គ្រប់គ្រាន់នោះទេ។ ការកាត់ទោសប្រហារជីវិតត្រូវតែដាក់ចេញ សម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ»។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចរបស់ពួកគេ ចៅក្រម ICC បាននិយាយថា មានហេតុផលសមរម្យ ដែលអាចឲ្យជឿថា លោក Netanyahu និងលោក Yoav Gallant ត្រូវទទួលខុសត្រូវខាងឧក្រិដ្ឋកម្ម ចំពោះអំពើនានា រួមមានឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការធ្វើឲ្យមានភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម ដែលជាផ្នែកមួយនៃ «ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងប្រជាជនស៊ីវិល នៅតំបន់ហ្កាហ្សា»។
ការសម្រេចនេះត្រូវបានជួបជាមួយនឹងកំហឹងនៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានហៅការចេញដីកានេះថា ជាទង្វើគួរឲ្យអាម៉ាស និងមិនសមហេតុសមផលទាល់តែសោះ។ ចំណែកអ្នកស្រុកតំបន់ហ្កាហ្សា បានសម្តែងក្តីសង្ឃឹមថា ដីកានោះនឹងជួយបញ្ចប់អំពើហិង្សា ហើយនាំអ្នកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមទៅកាត់ទោស។ អ៊ីស្រាអែលបានច្រានចោលយុត្តាធិការរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់មួយនេះ ហើយបដិសេធថា មិនបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សានោះឡើយ៕

