រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសសូម៉ាលី លោក Daud Aweis បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋសូម៉ាលីចំនួន ២២នាក់ បានបាត់បង់ជីវិត នៅពេលដែលទូកដឹកជនអន្តោប្រវេសន៍ចំនួន ២គ្រឿង បានក្រឡាប់លិច នៅម្ដុំឆ្នេររបស់ប្រទេស Madagascar (ម៉ាដាហ្គាស្ការ) កាលពីចុងសប្តាហ៍។
អាជ្ញាធរកំពង់ផែ ដែនសមុទ្រ និងទន្លេរបស់កោះម៉ាដាហ្គាស្កា (APMF) បាននិយាយថា ទូកទាំង២ នោះបានចេញដំណើរពីប្រទេសសូម៉ាលី ឆ្ពោះទៅកាន់ដែនដីនៃមហាសមុទ្រឥណ្ឌារបស់បារាំង គឺប្រជុំកោះ Mayotte កាលពីថ្ងៃទី២ ខែវិច្ឆិកា ដែលជាការធ្វើដំណើរច្រើនរយគីឡូម៉ែត្រ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក អាជ្ញាធរកំពង់ផែបានរាយការណ៍ថា អ្នកនេសាទក្នុងស្រុក បានរកឃើញទូកដំបូងដែលអណ្តែតកាលពីថ្ងៃសុក្រ នៅជិតកោះ Nosy Iranja។ អាជ្ញាធរបាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្សចំនួន ២៥នាក់ ក្នុងមានបុរស ១០នាក់ និងស្ត្រី ១៥នាក់ ប៉ុន្តែអ្នកគ្រប់គ្រងទូកចំនួន ៧នាក់ ស្លាប់។
យោងតាម APMF បានឲ្យដឹងទៀតថា ទូកទី២ ដែលមានដឹកមនុស្ស ៣៨នាក់ បានទៅដល់កំពង់ផែ Port du Cratère របស់ប្រទេសម៉ាដាហ្គាស្កា។ អាជ្ញាធរដែនសមុទ្រមិនបានបង្ហាញពីចំនួនអ្នកស្លាប់ សម្រាប់ទូកទី២ នេះនោះទេ ប៉ុន្តែបានបញ្ជាក់ពីការជួយសង្គ្រោះមនុស្សចំនួន ២៣នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មានសូម៉ាលី លោក Aweis ដែលដកស្រង់ព័ត៌មានពីសមភាគីរបស់លោក នៅម៉ាដាហ្គាស្កា បានបញ្ជាក់ចំនួនអ្នកស្លាប់សរុបឡើងដល់ ២២នាក់។ លោក Aweis បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃអាទិត្យថា៖ «មានជនជាតិសូម៉ាលីប្រហែល ៧០នាក់ ក្នុងចំណោមពួកគេ ២២នាក់ បានបាត់បង់ជីវិត។ ទូក ១គ្រឿងបានផ្ទុកមនុស្ស ៣៨នាក់ ហើយមួយទៀតផ្ទុកមនុស្ស ៣២នាក់»។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ មនុស្សរាប់ពាន់នាក់បានព្យាយាមធ្វើដំណើរឆ្លងកាត់ទៅកាន់ដែនដី Mayotte ដែលមានស្តង់ដារជីវភាពរស់នោះប្រសើរជាង និងទទួលបានប្រព័ន្ធសុខុមាលភាពរបស់បារាំង៕

