អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បាននិយាយបន្ទាប់ពីការប៉ាន់ស្មាននៅក្នុងសារព័ត៌មានបារាំង Le Mondeថា ក្រុមមេដឹកនាំអឺរ៉ុប មិនមានការព្រមព្រៀងជាឯកច្ឆន្ទលើគំនិតនៃការបញ្ជូនកងទ័ពពីប្រទេសរបស់ពួកគេ ឬយ៉ាងហោចណាស់ទាហានស៊ីឈ្នួលឯកជន ដើម្បីគាំទ្រទីក្រុងគីវនោះទេ ប៉ុន្តែ ពួកគេមួយចំនួន កំពុងពិចារណាលើជម្រើសនេះ។
កាសែតប្រចាំថ្ងៃនេះ បានរាយការណ៍ថា ក្រុមឥស្សរជនអឺរ៉ុប បានបន្តការពិភាក្សាអំពីគំនិតនៃការបញ្ជូនកងទ័ព ដោយសារលទ្ធភាពដែលរដ្ឋបាលដឹកនាំដោយលោក Donald Trump នាពេលអនាគតរបស់សហរដ្ឋអាមេរិក អាចកាត់បន្ថយការគាំទ្រសម្រាប់ទីក្រុងគីវ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បាននិយាយថា៖ «អ្នកនិងខ្ញុំមិនដឹងថា របាយការណ៍ទាំងនេះ ឆ្លើយតបនឹងការពិតកម្រិតណាទេ។ មុននេះ ពិតណាស់ គំនិតបែបនេះ ត្រូវបានឮពីរដ្ឋធានីអឺរ៉ុបផ្សេងៗគ្នា ប៉ុន្តែការប្រឆាំងផ្សេងៗ ក៏ត្រូវបានបញ្ចេញមិនពេញចិត្តចំពោះគំនិតនេះដែរ។ លោកបានបន្ថែមថា ពុំមានការឯកភាពគ្នាក្នុងចំណោមប្រជាជនអឺរ៉ុបលើគំនិតនេះទេ ប៉ុន្តែជាការពិតណាស់ មេដឹកនាំចំនួន បានចេញមុខហើយ»។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈថា នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសដែលបានប្រមូលផ្តុំតំណាងនៃប្រទេសលោកខាងលិចប្រហែល ២០ លទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែន ត្រូវបានលើកឡើង។ លោកបានបញ្ជាក់ថា អ្នកចូលរួមមិនបានឈានដល់ការឯកភាពគ្នាទេ ប៉ុន្តែសេណារីយោបែបនេះ មិនគួរត្រូវបានគេច្រានចោល នៅពេលអនាគតឡើយ។ លោក Peskov បាននិយាយបន្ទាប់ពីនោះថា ការមកដល់នៃក្រុមយោធាបរទេស ក្នុងប្រទេសអ៊ុយក្រែន នឹងមានផលវិបាកអវិជ្ជមានយ៉ាងខ្លាំង រួមទាំងអ្វីដែលមិនអាចជួសជុលបាន។

