វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បាននិយាយថា ខ្លួនបានកត់សម្គាល់ឃើញថា ក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កំពុងនាំគ្នានិយាយ អំពីផែនការសន្តិភាពដែលអាចកើតមាន សម្រាប់អ៊ុយក្រែន តែផ្ទុយទៅវិញ រដ្ឋបាលអាមេរិកបច្ចុប្បន្នរបស់លោក Joe Biden មិនមាន ហើយកំពុងប្រឹងប្រែងធ្វើឲ្យជម្លោះកាន់តែធំឡើងៗ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការកត់សម្គាល់របស់គាត់បែបនេះ បន្ទាប់ពីត្រូវបានស្នើសុំឲ្យធ្វើសេចក្ដីអធិប្បាយ ពាក់ព័ន្ធទៅនឹងសម្ដីរបស់លោក Mike Waltz ដែលត្រូវបានលោក Trump ជ្រើសរើសធ្វើជាទីប្រឹក្សាសន្តិសុខជាតិ អំឡុងពេលធ្វើបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃអាទិត្យ (ទី២៤ ខែវិច្ឆិកា)។
លោក Waltz បាននិយាយថា លោក Trump បាន «បារម្ភយ៉ាងខ្លាំង» អំពីការកើនឡើងនូវការប្រយុទ្ធគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយថា សង្រ្គាមត្រូវតែធ្វើយ៉ាងណាឲ្យបាន «ឈានដល់ទីបញ្ចប់ប្រកបដោយការទទួលខុសត្រូវ»។ លោក Waltz បានកត់សម្គាល់នូវអ្វីដែលលោកបាននិយាយថា ជាការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ នៅក្នុងជម្លោះ ការប្រើប្រាស់មីស៊ីលបាលីស្ទិកលឿនជាងសំឡេងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការសម្រេចរបស់បណ្តាប្រទេសលោកខាងលិចមួយចំនួន ដែលអនុញ្ញាតឲ្យទីក្រុងគីវបាញ់មីស៊ីលរបស់ពួកគេចូលជ្រៅទៅក្នុងដែនដីរបស់ប្រទេសរុស្ស៊ី ហើយបាននិយាយថា កូរ៉េខាងត្បូងកំពុងពិចារណាថា តើត្រូវចូលរួមដែរ ឬយ៉ាងណា។
លោក Waltz បាននិយាយថា៖ «អ្វីដែលយើងត្រូវពិភាក្សា គឺថា តើនរណាត្រូវចូលអង្គុយតុចរចា ថា តើវាជាកិច្ចព្រមព្រៀងសន្តិភាពទាំងស្រុង ឬបណ្ដោះអាសន្ន ថា តើធ្វើយ៉ាងណាឲ្យភាគីទាំង២ ព្រមចូលតុចរចា ហើយថា តើអ្វីទៅជាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ»។
លោក Peskov បាននិយាយថា វិមានក្រឹមឡាំងបានយកចិត្តទុកដាក់លើការអត្ថាធិប្បាយនេះ ហើយថាប្រធានាធិបតី លោក Vladimir Putin បានផ្តល់សញ្ញាម្តងហើយម្តងទៀតថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការសន្ទនា ជុំវិញបញ្ហា នៅអ៊ុយក្រែន៕


