លីបង់ នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បានថ្កោលទោសការវាយប្រហារលើបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNIFIL) ដែលឈរជើងនៅភាគខាងត្បូងរបស់ប្រទេសនេះ ក្នុងនោះរួមទាំងការវាយប្រហារដោយគ្រាប់រូកែត កាលពីសប្តាហ៍មុន ដែលបណ្ដាលឲ្យទាហានអ៊ីតាលី ៤នាក់ រងរបួសស្រាល។
បេសកកម្ម UNIFIL ពហុជាតិ ដែលមានកម្លាំង ១០.០០០នាក់ កំពុងតាមមើលអរិភាព នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយអ៊ីស្រាអែល ជាតំបន់ដែលរងគ្រោះដោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងអ៊ីស្រាអែល និងកងជីវពលហេសបួឡាររបស់លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់។
គួរបញ្ជាក់ថា គិតចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការផ្លូវគោកឆ្លងកាត់ព្រំដែនប្រឆាំងនឹងក្រុមហេសបូឡា នៅដំណាច់ខែកញ្ញា ទាហាន UNIFIL បានរងការវាយប្រហារជាច្រើនដង មកពីភាគីទាំង២។
អំឡុងសន្និសីទនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បាននិយាយថា៖ «ប្រទេសលីបង់ សូមថ្កោលទោសយ៉ាងខ្លាំងក្លានូវរាល់ការវាយប្រហារលើកងកម្លាំង UNIFIL ហើយអំពាវនាវឲ្យភាគីទាំងអស់គោរពសុវត្ថិភាព សន្តិសុខរបស់កងទ័ព និងបរិវេណរបស់ពួកគេ»។
លោក Bou Habib បាននិយាយមុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នៅទីក្រុង Anagni ភាគអាគ្នេយ៍នៃទីក្រុងរ៉ូម រួមជាមួយនឹងសហការីផ្សេងទៀតមកពីតំបន់មជ្ឈិមបូព៌ា ដែលពួកគេគ្រោងនឹងពិភាក្សាអំពីបញ្ហាជម្លោះ នៅក្នុងតំបន់៕


