នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌ នាំគ្នាត្អូញត្អែរពីបញ្ហាដកដង្ហើម និងឈឺបំពង់ក ពេលដែលទីក្រុងមួយនេះ បានហ៊ុព័ទ្ធដោយកម្រិតគ្រោះថ្នាក់នៃកង្វក់បរិយាកាស ។
រដ្ឋធានីប្រទេសឥណ្ឌាមួយនេះ មើលឃើញផ្សែងអ័ព្ទគ្របដណ្តប់លើផ្ទៃមេឃ និងចរាចរណ៍ធ្វើដំណើរយឺតៗ ស្របពេលរយៈចម្ងាយមើលឃើញកាត់បន្ថយ ខណៈសន្ទស្សន៍គុណភាពខ្យល់ឡើងដល់កម្រិត ៦៨៨ ដែលជាកម្រិតគ្រោះថ្នាក់ ដោយផ្អែកលើសន្ទស្សន៍គុណភាពខ្យល់របស់ក្រុមស្វីស QAir ។
ទីក្រុងញូវដែល្លី បានប្រយុទ្ធប្រឆាំងកង្វក់បរិយាកាសនៅក្នុងខែនេះ ក្នុងនោះក្រុមអាជ្ញាធរ និងក្រុមអ្នកស្រុក បានដាក់ការស្តីបន្ទោសលើការដុតកាកសំណល់កសិកម្មដោយក្រុមកសិករឥណ្ឌា ។
ប្រទេសផ្សេងទៀតនៅអាស៊ីខាងត្បូង បានប្រយុទ្ធប្រឆាំងដូចគ្នានឹងខ្យល់ពុលជារៀងរាល់ឆ្នាំ ពេលដែលខ្យល់ត្រជាក់ទាក់ជាប់ធូលីដី ផ្សែង និងការបំភាយឧស្ម័នពីរថយន្ត ហើយការសិក្សាមួយចំនួន និយាយថា ការកើនឡើងកម្រិតកង្វក់បរិយាកាសអាចនឹងកាត់បន្ថយអាយុកាលមជ្ឈមរបស់មនុស្សនៅក្នុងតំបន់ជាង ៥ឆ្នាំ ៕