ក្រុមមន្រ្តីអ៊ុយក្រែន និយាយនៅថ្ងៃចន្ទនេះថា មីស៊ីលរុស្ស៊ី បានធ្វើឲ្យខូចខាតអគាររស់នៅអ្នកស្រុកនៅទីក្រុងភាគខាងកើត Kharkiv និងបណ្តាលឲ្យមនុស្សយ៉ាងហោច ២៣នាក់ រងរបួស ។
អភិបាលតំបន់ និងនគរបាលជាតិ និយាយថា ការវាយប្រហារមីស៊ីលរុស្ស៊ីនៅទីក្រុង Kharkiv បណ្តាលឲ្យមនុស្ស ២៣នាក់ រងរបួស និងខូចខាតអគារជាង ៤០ខ្នង ។
អគារមួយក្នុងចំណោមអគាររងការខូចខាត គឺជាមជ្ឈមណ្ឌលសម្រាប់សេវាកម្មរដ្ឋបាល ។
រុស្ស៊ី ដែលដណ្តើមបានទឹកដីនៅតំបន់ភាគខាងកើតអ៊ុយក្រែន កំពុងបើកការវាយប្រហាររាល់យប់លើទីក្រុងៗនៅឆ្ងាយៗ ដោយប្រើប្រាស់មីស៊ីល ក៏ដូចជាយានដ្រូនអត្តឃាត ។
កងកម្លាំងអាកាសអ៊ុយក្រែន និយាយថា យានដ្រូន ១៤៥គ្រឿង ត្រូវបានប្រើប្រាស់កាលពីយប់កន្លងទៅ ដោយអ៊ុយក្រែនបាញ់ទម្លាក់យានដ្រូនបាន ៧១គ្រឿង និងបាត់បង់ដានយានដ្រូន ៧១គ្រឿងទៀត ដោយសារវិធានការសង្គ្រាមអេឡិចត្រូនិកប្រើប្រឆាស់ប្រឆាំងនឹងពួកវា ។
ខណៈពេលនោះដែរ ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារមីស៊ីលរុស្ស៊ីលើទីក្រុងភាគខាងត្បូង Odesa បណ្តាលឲ្យខូចខាតអគាររស់នៅរបស់អ្នកស្រុក និងបណ្តាលឲ្យមនុស្ស ១០នាក់ រងរបួស ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញការខូចខាតនៅមជ្ឈមណ្ឌលទីក្រុង Odesa ។ អភិបាលក្រុង Odesa និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អគាររស់នៅអ្នកស្រុក រថយន្ត និងគ្រឹះស្ថានសិក្សា ២កន្លែង រងការខូចខាត គឺសាលារៀនមួយកន្លែង និងកីឡដ្ឋានមហាវិទ្យាល័យមួយកន្លែង ។
លោក Naza Burkhan គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Odesa និយាយថា គ្មានហេដ្ឋារចនាសម្ព័ន្ធយោធានៅទីនេះនោះទេ ។ នេះគឺជាតំបន់រស់នៅរបស់អ្នកស្រុក ផ្ទះបានសាងសង់នៅជិតគ្នា ។ មាននូវសោធននិវត្តន៍ជនច្រើនណាស់នៅទីនេះ ហើយមានសាលារៀនៅមិនឆ្ងាយពីទីនេះទៀត ។
លោកបន្តថា វាគឺជាផ្លូវដ៏មមាញឹកនៅទីនេះ ដែលមានន័យថា អ្វីៗបានរាបដល់ដីត្រឹមរយៈពេល ១ថ្ងៃ ហើយអ្វីដែលអាក្រក់បំផុតនោះគឺ មនុស្សទាំងអស់នេះ ទើបជួសជុលផ្ទះល្វែងរបស់ពួកគេរួច ដែលរងការខូចខាតដោយសារការវាយប្រហារលើកមុន ហើយឥឡូវពួកគេត្រូវជួសជុលវាម្តងទៀត ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី បានប្រើប្រាស់យានដ្រូនប្រហែល ៤៦០គ្រឿង និងមីស៊ីលជាង ២០គ្រាប់ វាយប្រហារអ៊ុយក្រែន ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ៕