មន្ត្រីយោធាជាន់ខ្ពស់របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គកាណាតូ (NATO) នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) បានជំរុញឲ្យក្រុមធុរកិច្ចត្រៀមខ្លួន សម្រាប់សេណារីយោ ក្នុងសម័យសង្រ្គាម ហើយកែសម្រួលខ្សែផលិតកម្ម និងការចែកចាយរបស់ខ្លួនឲ្យសមស្រប ដើម្បីកុំឲ្យងាយរងគ្រោះទៅនឹងការគំរាមកំហែងពីប្រទេសនានា ដូចជារុស្ស៊ី និងចិនជាដើម។
នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ លោកឧត្តមនាវីឯក Rob Bauer បាននិយាយថា៖ «ប្រសិនបើយើងអាចធ្វើឲ្យប្រាកដថា រាល់សេវាកម្ម និងទំនិញសំខាន់ៗ អាចត្រូវបានចែកចាយ ក្នុងកាលៈទេសៈណាក៏ដោយ នោះគឺជាផ្នែកដ៏សំខាន់នៃការរារាំងរបស់យើង»។
ដោយថ្លែងនៅឯព្រឹត្តិការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវ គឺមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប លោកបានពណ៌នាអំពីការរារាំងនេះថា គឺហួសពីសមត្ថភាពយោធាតែឯកឯង ពីព្រោះឧបករណ៍ដែលមានទាំងអស់ អាច ហើយនឹងត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម។
លោក Adm Bauer បាននិយាយថា៖ «យើងកំពុងមើលឃើញពីករណីនោះ ដោយសារការកើនឡើងនូវសកម្មភាពវិឆ្ឆេទកម្ម ហើយអឺរ៉ុបបានមើលឃើញបញ្ហានោះ ដោយសារការផ្គត់ផ្គង់ថាមពល។ យើងគិតថា យើងមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Gazprom ប៉ុន្តែដោយជាក់ស្ដែង យើងមានកិច្ចព្រមព្រៀងជាមួយលោក (Vladimir) Putin ។ ហើយដូចគ្នាដែរ ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងទំនិញដែលគ្រប់គ្រងដោយចិន ដោយជាក់ស្ដែង យើងពិតជាមានកិច្ចព្រមព្រៀងជាមួយ (ប្រធានាធិបតីចិន) លោក ស៊ី (ជីនពីង)»។
លោក Adm Bauer បានកត់សម្គាល់ពីការពឹងផ្អែករបស់លោកខាងលិចលើការផ្គត់ផ្គង់ពីប្រទេសចិន ដោយ ៦០ភាគរយនៃវត្ថុធាតុដើមកម្រទាំងអស់ ត្រូវបានផលិតឡើង ហើយ ៩០ភាគរយ ត្រូវបានដំណើរការ នៅទីនោះ៕