ប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់លីបង់ចំនួនបួន បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងលោកប្រធានាធិបតីបារាំង Emmanuel Macron ត្រូវ គេរំពឹងថានឹងប្រកាសបទឈប់បាញ់នៅក្នុងប្រទេសលីបង់រវាងក្រុមប្រដាប់អាវុធហេសបូឡា និងអ៊ីស្រាអែល ក្នុងពេលឆាប់ៗនេះ។

នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា យើងជិតឈានដល់ហើយ ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតត្រូវធ្វើ។

ចំណែកប្រធានាធិបតីបារាំងបាននិយាយថា ការពិភាក្សាស្តីពីបទឈប់បាញ់មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅទីក្រុងហ្សេរុយសាឡឹម មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីអនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡា។
សញ្ញានៃរបកគំហើញការទូតត្រូវបានអមដោយការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលទៅលើតំបន់ជាយរដ្ឋធានីបេរូតភាគខាងត្បូងដែលគ្រប់គ្រងដោយក្រុមហេសបូឡា ខណៈអ៊ីស្រាអែលបានបន្តបង្កើនការវាយលុកដែលបានធ្វើឡើងកាលពីខែកញ្ញា បន្ទាប់ពីមានការបាញ់ផ្លោង ឆ្លងព្រំដែនជិតមួយឆ្នាំ ដែលបានផ្ដាច់ជីវិតពលរដ្ឋលីបង់ ចំនួន៣.៧៥៤នាក់។

ការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាអ៊ីស្រាអែល និងលីបង់បានយល់ព្រមលើអត្ថបទនៃកិច្ចព្រមព្រៀងមួយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Reuters កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃអង្គារនេះ មានគោលបំណងអនុម័តលើអត្ថបទនេះ៕