ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២៥ វិច្ឆិកា) បានច្រានចោលសំណុំរឿងព្រហ្មទណ្ឌសហព័ន្ធ ដែលចោទប្រកាន់លោក ដូណាល់ ត្រាំ (Donald Trump) ពីបទប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ បន្ទាប់ពីរដ្ឋអាជ្ញាបានទម្លាក់ចោលការកាត់ទោស រួមទាំងករណីទីពីរប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដោយលើកឡើងពីគោលនយោបាយរបស់ក្រសួងយុត្តិធម៌ ដែលប្រឆាំងនឹងការកាត់ទោសប្រធានាធិបតីកំពុងកាន់តំណែង។

សេចក្ដីសម្រេចពីចៅក្រមតំបន់អាមេរិក លោកស្រី Tanya Chutkan បានបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធដើម្បីឱ្យលោក Trump ទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការប៉ុនប៉ងកាន់អំណាចបន្ទាប់ពីបរាជ័យឆ្នាំ២០២០ ដែលឈានទៅដល់ការវាយប្រហារនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល របស់អាមេរិក ដោយហ្វូងអ្នកគាំទ្ររបស់លោក។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាពិសេស លោក Jack Smith ដែលជារដ្ឋអាជ្ញានាំមុខមើលការខុសត្រូវលើសំណុំរឿងទាំងពីរ បានច្រានចោលសំណុំរឿងបោះឆ្នោត និងបញ្ចប់ការប៉ុនប៉ងរបស់ខ្លួនក្នុងការស្តារឡើងវិញនូវបណ្ដឹងដាច់ដោយឡែកមួយ ដែលចោទប្រកាន់លោក Trump ពីបទរក្សាឯកសារសម្ងាត់ដោយខុសច្បាប់ នៅពេលលោកចាកចេញពីតំណែងនៅឆ្នាំ២០២១ បន្ទាប់ពីអាណត្តិដំបូងរបស់ខ្លួនជាប្រធានាធិបតី។
នេះតំណាងឱ្យជ័យជម្នះផ្លូវច្បាប់ដ៏ធំមួយសម្រាប់ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលបានឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា របស់អាមេរិក ហើយគ្រោងនឹងត្រលប់មកកាន់តំណែងវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។ គោលនយោបាយរបស់ក្រសួងយុត្តិធម៌ ដែលរដ្ឋអាជ្ញាបានលើកឡើងនោះ គឺមានតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកដែលចែងថា ការកាត់ទោសព្រហ្មទណ្ឌលើប្រធានាធិបតីកំពុងកាន់តំណែង នឹងបំពានរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយធ្វើឱ្យខូចសមត្ថភាពរបស់នាយកប្រតិបត្តិរបស់ប្រទេស៕