របាយការណ៍មួយបានព្រមានកាលពីថ្ងៃចន្ទ (២៥ វិច្ឆិកា) ថា អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសហៃទី ប្រឈមនឹងហានិភ័យកាន់តែអាក្រក់ឡើង និងការថយចុះការគាំទ្រ ស្របពេលមានកំណើនឥទ្ធិពលនៃក្រុមជនអន្ធពាលប្រដាប់អាវុធ ការដួលរលំប្រព័ន្ធថែទាំសុខភាព និងប្រព័ន្ធយុត្តិធម៌ដែលជាប់គាំង។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយនៅក្នុងរបាយការណ៍ថា ស្ត្រី និងក្មេងស្រីជិត ៤.០០០នាក់ បានរាយការណ៍ថាជាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយបញ្ជាក់ថា មានមនុស្សជាច្រើនទៀតមិនបានរាយការណ៍ទេ ដោយសារភ័យខ្លាចការសងសឹក និងការរំពឹងទុកមិនល្អក្នុងការទទួលបានជំនួយ។

របាយការណ៍សង្កត់ធ្ងន់ថា អ្នកដែលស្វែងរកការថែទាំ ជារឿយៗមិនអាចធ្វើដូច្នេះបានទេក្នុងពេល ៧២ម៉ោងដ៏សំខាន់ ដើម្បីប្រើប្រាស់ថ្នាំព្យាបាលការប៉ះពាល់នឹងមេរោគអេដស៍ ឬការពន្យារកំណើតជាបន្ទាន់ ដោយសារមនុស្សជាច្រើនមិនអាចមានលទ្ធភាពទិញសេវាថែទាំសុខភាពឯកជន និងខណៈដែលគ្លីនិកសាធារណៈត្រូវបិទដោយសារតែអំពើហិង្សា។
កាលពីខែតុលា អង្គការសហប្រជាជាតិបានព្រមានថា មណ្ឌលសុខភាពមានត្រឹមតែ ២៤% ប៉ុណ្ណោះដែលកំពុងដំណើរការនៅក្នុងតំបន់ទីប្រជុំជនរបស់រដ្ឋធានីព័រអូប្រាំង។ ក្នុងខែនេះ អង្គការគ្រូពេទ្យគ្មានព្រំដែន ដែលជាក្រុមផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដ៏សំខាន់មួយ បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដោយលើកឡើងពីការគំរាមរំលោភ និងសម្លាប់ពីនគរបាល៕