ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ថា នៅថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក លោកនឹងដាក់ពន្ធ២៥ភាគរយលើផលិតផលទាំងអស់មកពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា និងពន្ធបន្ថែម១០ភាគរយលើទំនិញមកពីប្រទេសចិន ដោយលើកឡើងពីការព្រួយបារម្ភ ជុំវិញការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់។

លោក Trump បាននិយាយនៅលើការបង្ហោះសារតាមបណ្តាញ Truth Social ថា «នៅថ្ងៃទី ២០ ខែមករា ក្រិត្យមួយដំបូងក្នុងចំណោមក្រិត្យជាច្រើនរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើឯកសារចាំបាច់ទាំងអស់ ដើម្បីយកពន្ធ២៥% លើផលិតផលទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក»។
លោក Trump និយាយថា ពន្ធនឹងធ្លាក់ចុះមកនៅដដែលវិញ លុះត្រាតែប្រទេសទាំងពីរ ទប់ស្កាត់គ្រឿងញៀន ជាពិសេសសារធាតុហ្វង់តានីល និងជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
ចំណែកប្រទេសចិន ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានចោទប្រកាន់ទីក្រុងប៉េកាំងថាពុំបានចាត់វិធានការខ្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរគ្រឿងញៀនខុសច្បាប់ ឆ្លងព្រំដែនចូលទៅក្នុងសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក។