ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា ទឹកជំនន់ដ៏គំហុក និងបំណាក់ដី បានវាយប្រហារនៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់។

មន្ត្រីយោធា និងសង្គ្រោះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះចំនួនបួន ក្នុងខេត្តស៊ូម៉ាត្រាខាងជើង។ អ្នកនាំពាក្យទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ ឬ BNPB លោក Abdul Muhari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា «មនុស្សសរុប១៦នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន»។ ស្រុក Karo មានអ្នកស្លាប់ច្រើនជាងគេ ដោយមនុស្ស៥នាក់បានស្លាប់ និង៥នាក់ទៀតនៅបាត់ខ្លួន បន្ទាប់ពីទឹកជំនន់វាយលុកនៅតំបន់រមណីយដ្ឋានមួយកន្លែងកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។ ជនរងគ្រោះដែលនៅសេសសល់ មាននៅក្នុងស្រុកចំនួនបីផ្សេងទៀត ក្នុងខេត្តគឺ ស្រុក Deli Serdang, South Tapanuli និងស្រុក Padang Lawas ។

លំនៅឋាន វិហារឥស្លាម និងអគារសាធារណៈច្រើនកន្លែង បានរងការខូចខាត។ លោក Muhari បាននិយាយថា ស្រុក Deli Serdang និងស្រុក Karo ត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយទឹកជំនន់ដ៏គំហុក និងបំណាក់ដី។
លោក Muhari បានព្រមានប្រជាជនឥណ្ឌូណេស៊ី ឲ្យចៀសវាងការទៅលេងនៅរមនីយដ្ឋានទេសចរណ៍ក្រៅតំបន់ នៅក្នុងតំបន់នានានៅជិតទឹក ក្នុងអំឡុងពេលរដូវវស្សា។
ប្រទេសឥណ្ឌូណេស៊ី បានទទួលរងនូវព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនាពេលថ្មីៗនេះ ដែលអ្នកជំនាញនិយាយថា ទំនងជាត្រូវបានបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។