រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានសន្យាកាលពីថ្ងៃចន្ទ (២៥ វិច្ឆិកា) ថា បណ្ដាប្រទេសអឺរ៉ុបនឹងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអង់គ្លេស បារាំង អ៊ីតាលី និងប៉ូឡូញ ស្តីពីរបៀបជំរុញកិច្ចខិតខំប្រឹងប្រែងការពារជាតិ ខណៈលោក Donald Trump គ្រោងនឹងវិលត្រឡប់ទៅកាន់សេតវិមានវិញ។

លោក បូរីស ផីស្តូរើស (Boris Pistorius) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំង បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃក្រុមប្រទេសឈានមុខទាំងប្រាំក្នុងវិស័យការពារអឺរ៉ុបថា "គោលដៅយើងគឺត្រូវតែឱ្យអ៊ុយក្រែន ធ្វើសកម្មភាពចេញពីទីតាំងរឹងមាំនៃកម្លាំងពេញលេញ ជុំវិញភាពមិនច្បាស់លាស់ជាច្រើន"។

ការជាប់ឆ្នោតឡើងវិញរបស់លោក Trump ដែលសង្ស័យចំពោះការគាំទ្រអាមេរិកសម្រាប់អ៊ុយក្រែន បានបន្ថែមសម្ពាធលើអឺរ៉ុប ក្នុងការបង្កើនតួនាទីរបស់ខ្លួនដើម្បីបំពាក់អាវុធដល់ទីក្រុងគីវ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរហូតមកដល់ពេលនេះ កាត់បន្ថយជំនួយរបស់ខ្លួន។

លោក Pistorius បានបន្ថែមថា ទន្ទឹមនឹងនេះ បេសកកម្មរបស់អង្គការណាតូ ដែលមានទីតាំងនៅទីក្រុង វៃស្បាដិន (Wiesbaden) នឹងកាន់កាប់ការសម្របសម្រួលជំនួយយោធារបស់លោកខាងលិចសម្រាប់អ៊ុយក្រែន ក្នុងខែមករា ដែលជាវិធានការមួយត្រូវបានរំពឹងទុកជាច្រើនខែមុន។
ការបង្កើតបេសកកម្មថ្មី ដែលឈ្មោះថា ជំនួយសន្តិសុខនិងហ្វឹកហ្វឺនណាតូសម្រាប់អ៊ុយក្រែន (NSATU) នេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារយន្តការជំនួយប្រឆាំងនឹងការជ្រៀតជ្រែកណាមួយរបស់លោក Trump៕