សេតវិមាន បាននិយាយកាលថ្ងៃចន្ទ (២៥ វិច្ឆិកា) ថា ប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិ លោក Joe Biden នឹងចូលរួមពិធីឡើងកាន់តំណែងរបស់លោក Donald Trump នៅខែមករា ឆ្នាំ២០២៥ ដោយហៅថាជា "ការប្តេជ្ញាចិត្តចំពោះតម្លៃប្រជាធិបតេយ្យរបស់យើង" ទោះបីជាលោក Trump មិនចូលរួមការស្បថចូលកាន់តំណែងរបស់លោក Biden កាលឆ្នាំ២០២១ ក៏ដោយ។

គួររម្លឹកថា លោក Trump ដែលជាប្រធានាធិបតីនៅពេលនោះ បានបដិសេធមិនចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក Biden ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានអះអាងថាការឈ្នះឆ្នោតរបស់អ្នកប្រជាធិបតេយ្យរូបនេះគឺជាការក្លែងបន្លំ និងបាននាំឱ្យហ្វូងអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានកាពីតូល របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរងរបស់សេតវិមាន លោក អាន់ឌ្រូ បេតស៍ (Andrew Bates) បានប្រាប់អ្នកយកព័ត៌មានថា "លោកប្រធានាធិបតី Joe Biden បានសន្យាថានឹងចូលរួមពិធីឡើងកាន់តំណែងមិនថាអ្នកណាឈ្នះការបោះឆ្នោតនោះទេ ហើយលោកនឹងគោរពសន្យានោះ"។

ទោះបីជាបានពិពណ៌នាម្តងហើយម្តងទៀតថាលោក Trump ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងកំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ ក៏ដោយ ក៏ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Biden បានសន្យាផ្តល់ឱ្យលោក Trump នូវការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងរលូន៕