ជាច្រើនឆ្នាំមកនេះ ឥណ្ឌា ត្រូវបានគេវាយតម្លៃជាប់លាប់ថាជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ដោយយ៉ាងហោចណាស់មានករណីរំលោភសេពសន្ថវៈចំនួន៩០ ត្រូវបានរាយការណ៍ទូទាំងប្រទេសជារៀងរាល់ថ្ងៃ - ជិត ៤ករណីក្នុងមួយម៉ោង - ប៉ុន្តែនៅមានជាច្រើនទៀតមិនត្រូវបានរាយការណ៍ទេ។

អ្នករួចរស់ពីហេតុការណ៍ទាំងនោះនិយាយថា មានហេតុផលដែលរឿងនោះចេះតែកើតឡើងមិនឈប់ គឺដោយសារវិធីសាស្រ្តមិនល្អដែលសមត្ថកិច្ចដោះស្រាយករណីបែបនេះ។ ស្រ្តីម្នាក់ឈ្មោះ Meghna Prakash ដែលត្រូវបានរំលោភ វាយដំ និងធ្វើបាបដោយដៃគូរបស់ខ្លួនកាលពីមួយទស្សវត្សរ៍មុន បានលើកឡើងថា “ពេលខ្ញុំទៅដល់ប៉ុស្តិ៍នគរបាលកាលនោះ ជំនួសឱ្យការពិនិត្យមើលរបួស និងសាកសួរអ្វីដែលបានកើតឡើង នគរបាលគ្រាន់តែនិយាយថាពួកគេនឹងហៅដៃគូរបស់នាងមកសួរនាំ"។

នៅឆ្នាំនេះ តួនាទីរបស់សមត្ថកិច្ចឥណ្ឌាក្នុងការដោះស្រាយបានល្អ និងមិនបានល្អ លើករណីរំលោភបំពានផ្លូវភេទបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង។
នៅក្នុងខែសីហា នៅពេលគ្រូពេទ្យម្នាក់ត្រូវបានរំលោភសម្លាប់នៅក្នុងមន្ទីរពេទ្យក្រុង Kolkata ក្រុមស៊ើបអង្កេតត្រូវបានចោទថាមានចេតនាពន្យារពេលការស៊ើបអង្កេត និងបំផ្លាញភស្តុតាងសំខាន់ៗនៅកន្លែងកើតហេតុ ដែលធ្វើឱ្យមានការផ្ទុះកំហឹងទូទាំងប្រទេស។

ថ្មីៗនេះនៅក្នុងខែកញ្ញា ស្ត្រីម្នាក់និយាយថាខ្លួនត្រូវបានបំពានរាងកាយ និងផ្លូវភេទនៅប៉ុស្តិ៍នគរបាលមួយក្នុងរដ្ឋ Odisha ភាគខាងកើត បន្ទាប់ពីព្យាយាមរាយការណ៍ថា នាងត្រូវបានគេបៀតបៀនផ្លូវភេទ។ ករណីនេះបានបញ្ឆេះកំហឹងកាន់តែខ្លាំងក្លាឡើងនៅក្នុងប្រទេស៕