ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃចន្ទ (២៥ វិច្ឆិកា) ថា ទាំងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមិនមានអ្នកណាឈ្នះសង្គ្រាមពាណិជ្ជកម្មនោះទេ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump បានគំរាមថានឹងដំឡើងពន្ធបន្ថែម ១០% ទៀតលើការនាំចូលរបស់ចិន ទាំងអស់នៅពេលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

អ្នកនាំពាក្យស្ថានទូតចិន លោក លីវ ផឹងយូ (Liu Pengyu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ អំពីបញ្ហាពន្ធរបស់អាមេរិកលើប្រទេសចិន ទីក្រុងប៉េកាំងជឿជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក គឺមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយនឹង "មិនមានអ្នកចាញ់ឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមពន្ធគយនោះទេ"។

លោក Trump បានគំរាមថា លោកនឹងបន្តដាក់ពន្ធគយ រហូតដល់ចិន បញ្ឈប់លំហូរនៃគ្រឿងញៀនខុសច្បាប់ ជាពិសេសសារធាតុហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Liu លើកឡើងថា ចិនបានចាត់វិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចកាលពីឆ្នាំមុន រវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping។

សូមបញ្ជាក់ថា មានការរីកចម្រើនតិចតួចជាបន្តបន្ទាប់ប៉ុន្តែអាចមើលឃើញ នៅក្នុងកិច្ចសហប្រតិបត្តិការលើការបិទចរាចរណ៍ខុសច្បាប់នៅក្នុងសារធាតុគីមីដែលប្រើសម្រាប់ផលិតសារធាតុហ្វង់តានីលដ៏កាចសាហាវ បន្ទាប់ពីលោក Xi និងលោក Biden បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាកាលពីឆ្នាំមុន៕