ការផលិតថាមពលវារីអគ្គិសនីនៅប្រទេសកាណាដា កំពុងធ្លាក់ចុះខ្លាំង ដោយសារអាកាសធាតុធ្ងន់ធ្ងរដែលជាប់ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការផ្លាស់ប្ដូរភ្លាមៗរវាងគ្រោះរាំងស្ងួត និងទឹកជំនន់ រួមទាំងបញ្ហាផ្សេងទៀត បានរារាំងទិន្នផល ខណៈក៏កំពុងគំរាមកំហែងដល់រចនាសម្ព័ន្ធទំនប់។

ក្នុងនាមជាអ្នកដឹកនាំពិភពលោកមួយផ្នែកវារីអគ្គិសនី កាណាដាត្រូវបានបង្ខំឱ្យកាត់បន្ថយការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៤ឆ្នាំមកនេះ នេះបើយោងតាមទីភ្នាក់ងារស្ថិតិជាតិ។

សម្រាប់រយៈពេលបីខែជាប់គ្នានៅដើមឆ្នាំ២០២៤ កាណាដាត្រូវនាំចូលថាមពលមកវិញពីអាមេរិក ដែលជាលើកទីមួយក្នុងពេល ៨ឆ្នាំ និងជាការផ្លាស់ប្តូរតួនាទី ដែលបង្ហាញពីកង្វះខាតយ៉ាងខ្លាំងក្លាក្នុងផលិតកម្មវារីអគ្គិសនីនៅកាណាដា និងនៅក្រៅប្រទេស។

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បាននិយាយថា ឆ្នាំ២០២៣ គឺជា "ការធ្លាក់ចុះក្នុងកំណត់ត្រា" លើការផលិតថាមពលពីវារីអគ្គីសនីសកល ដោយបណ្ដាប្រទេសផលិតថាមពលធំៗផ្សេងទៀត ដូចជាចិន ទួរគី និងសហរដ្ឋអាមេរិក ក៏បានរងផលប៉ះពាល់ផងដែរ។ IEA បានចងភ្ជាប់ការធ្លាក់ចុះនេះទៅនឹង "គ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងអូសបន្លាយ" នៅក្នុងតំបន់ផលិតសំខាន់ៗ៕