ក្រុមអ្នកស្រាវជ្រាវនៅស្ថាប័ន Think Tank មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសន្និដ្ឋានដោយផ្អែកលើរូបភាពពីផ្កាយរណបថា ប្រទេសកូរ៉េខាងជើងកំពុងពង្រីករោងចក្រផលិតអាវុធសំខាន់ៗ ផ្ដោតលើប្រភេទមីស៊ីលរយៈចម្ងាយខ្លី ដែលរុស្ស៊ីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ទីតាំងនេះត្រូវបានគេស្គាល់ថាជារោងចក្រ១១កុម្ភៈ(February 11) គឺជាផ្នែកមួយនៃរោងចក្រ រី អុងសុង ម៉ាស៊ីន ខំផ្លិច (Ryongsong Machine Complex) នៅទីក្រុងហាំហ៊ុង ( Hamhung) ដែលជាទីក្រុងធំទីពីររបស់ប្រទេសកូរ៉េខាងជើង នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។

លោក សេម ល៊ែ (Sam Lair) សហការីស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាការមិនរីកសាយភាយអាវុធ (CNS) មានទីតាំងនៅ Middlebury Institute of International Studies Monterey សហរដ្ឋអាមេរិក បាននិយាយថា ទីតាំងនោះគឺជារោងចក្រតែមួយគត់ដែលគេស្គាល់ថា ផលិតមីស៊ីលដំណើរការដោយឥន្ធនៈរឹងប្រភេទ Hwasong-11 ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា គ្រាប់រំសេវទាំងនេះ ដែលគេស្គាល់ថា KN-23 នៅក្នុងបណ្ដាប្រទេសលោកខាងលិច ត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីក្នុងការវាយលុកលើអ៊ុយក្រែន។
ការពង្រីករោងចក្រនេះមិនត្រូវបានគេរាយការណ៍កាលពីពេលកន្លងទៅនោះទេ។

ទាំងក្រុងមូស្គូ ទាំងក្រុងព្យុងយ៉ាង បានបដិសេធថា កូរ៉េខាងជើងពុំបានបញ្ជូនសព្វាវុធឱ្យរុស្ស៊ីប្រើក្នុងសង្រ្គាមអ៊ុយក្រែនទេ។ រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមិថុនា ហើយបានសន្យាជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំង២៕