ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បានបញ្ឈប់ការសាកល្បងដុតបញ្ឆេះម៉ាស៊ីនរបស់យានចម្លងមានឈ្មោះថា អេបសូឡុន អេស(Epsilon S) របស់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះដ៏សន្ធោសន្ធៅនៅទីតាំងសាកល្បង មជ្ឈមណ្ឌលអវកាស តាណេហ្កាស៊ីម៉ា (Tanegashima) នៅភាគនិរតីប្រទេសជប៉ុន។

ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានបង្ហាញឱ្យឃើញអណ្តាតភ្លើងឆាបឆេះភ្លាមៗ បន្ទាប់ពីការធ្វើតេស្តបានចាប់ផ្តើម ដោយមានសំឡេងផ្ទុះផងដែរ។
ទូរទស្សន៍រដ្ឋ NHK បាននិយាយដោយស្រង់សម្ដីនគរបាល និងនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ ថា គ្មានការខូចខាតត្រូវបានរាយការណ៍ទេ។

អ្នកនាំពាក្យបាននិយាយថា ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) កំពុងពិនិត្យស្ថានភាពនៅកន្លែងនោះ។
ទូរទស្សន៍ NHK ដដែលបាននិយាយថា អគ្គិភ័យបានកើតឡើងអំឡុងពេលធ្វើតេស្តដុតបន្ទុកចំហេះ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃអង្គារនេះ ខណៈស្ថានីយប្រព័ន្ធផ្សព្វផ្សាយស្ថិតនៅចម្ងាយប្រហែល ៦០០ ម៉ែត្រ។
ប្រហែល ៣០ វិនាទីក្រោយមក សំឡេងផ្ទុះដ៏ធំមួយត្រូវបានឮ និងមជាអ្វីដែលទំនងជាមានដុំភ្លើងបានហោះឆ្ពោះទៅសមុទ្រ៕