ឧត្តមនាវីឯកអាមេរិកមួយរូបបាននិយាយថា រុស្ស៊ីអាចប្រគល់បច្ចេកវិទ្យាឲ្យទៅចិន ដែលនឹងកាត់បន្ថយឥទ្ធិពលក្រោមបាតសមុទ្ររបស់សហរដ្ឋអាមេរិក។

លោកឧត្តមនាវីឯក សាម៊ូអេលផាផារ៉ូ (Samuel Paparo)បាននិយាយថា លោករំពឹងថា រុស្ស៊ីក៏នឹងធ្វើដូចគ្នាសម្រាប់កូរ៉េខាងជើងផងដែរ។

នៅក្នុងវេទិកាសន្តិសុខមួយ លោកបាននិយាយថា ការផ្លាស់ប្តូររវាងរុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើង និងចិនមានសន្ទុះកាន់តែខ្លាំងឡើងហើយ។
ឧត្តមនាវីឯក ផាផារ៉ូ មេបញ្ជាការជាន់ខ្ពស់របស់កងទ័ពជើងទឹកអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយថា រុស្ស៊ីទំនងជានឹងផ្តល់បច្ចេកវិទ្យានាវាមុជទឹកដល់ប្រទេសចិន ដែលនឹងកាត់បន្ថយឥទ្ធិពលក្រោមបាតសមុទ្ររបស់សហរដ្ឋអាមេរិក។
ថ្លែងនៅឯវេទិកាសន្តិសុខ Halifax កាលពីចុងសប្តាហ៍នេះ លោកបានលើកឡើងពីការព្រួយបារម្ភអំពីភាពជាដៃគូយោធារបស់ប្រទេសទាំងពីរ។

លោកបាននិយាយថា ខ្ញុំរំពឹងថាប្រទេសរុស្ស៊ីនឹងផ្តល់បច្ចេកវិទ្យានាវាមុជទឹកដល់ប្រទេសចិន ដែលជះឥទ្ធិពលខ្លាំងក្នុងការរាំងខ្ទប់អំណាចក្រោមបាតសមុទ្ររបស់អាមេរិក។
ឥទ្ធិពលក្រោមបាតសមុទ្រ គឺជាគន្លឹះសម្រាប់សហរដ្ឋអាមេរិក ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរួមមានដែនទឹកជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម៕