រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Pat McFadden បាននិយាយកាលពីថ្ងៃចន្ទ ថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងពុំត្រូវបានបំភិតបំភ័យដោយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ីឲ្យបញ្ឈប់ការគាំទ្រដល់អ៊ុយក្រែនឡើយ ដោយជំរុញឱ្យសម្ព័ន្ធយោធាណាតូ ធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីបន្តឆ្ពោះទៅមុខក្នុង «ការប្រកួតប្រជែងសព្វាវុធបញ្ញាសិប្បនិម្មិត(AI) ថ្មី»។

នៅក្នុងការព្រមានរបស់លោកខាងលិចចុងក្រោយ អំពីទីក្រុងមូស្គូ ដែលកំពុងបង្កើនការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតលើប្រទេសនានាដែលគាំទ្រដល់អ៊ុយក្រែន លោក McFadden បាននិយាយថា សម្ព័ន្ធមិត្តយោធា អាជីវកម្ម និងស្ថាប័ននានា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវតែធ្វើ «អ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរារាំងទ្វារឌីជីថលរបស់ខ្លួន» ការពារពីអ្វីដែលលោកបានចាត់ទុកថាមានការឈ្លានពានពីរុស្ស៊ីកាន់តែខ្លាំងឡើង។

ថ្លែងសុន្ទរកថានៅក្នុងសន្និសិទការពារបណ្តាញអ៊ីនធឺណិតរបស់ណាតូ នៅក្នុងទីក្រុងឡុដ៍្រ លោក McFadden បានអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងអស់ ពង្រឹងការប្តេជ្ញាចិត្តចំពោះការគាំទ្ររបស់ពួកគេសម្រាប់ទីក្រុងគីវ ប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាអ្នកដែលបាននិយាយថា កំពុងព្យាយាម រារាំងការគាំទ្ររបស់ពួកយើងសម្រាប់អ៊ុយក្រែន ដោយការគំរាមកំហែងរបស់លោក។
ទីក្រុងមូស្គូ ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗជុំវិញការលើកឡើងរបស់ លោក McFadden ឡើយ ហើយ កន្លងមក ទីក្រុងមូស្គូ បានបដិសេធថាខ្លួនមិនបានអនុវត្តការវាយប្រហារតាមអ៊ីនធឺណិតនោះទេ ហើយក្រុមមន្ត្រី បានចោទប្រកាន់ថា ជាការប៉ុនប៉ងញុះញង់ធ្វើឲ្យមានប្រតិកម្មប្រឆាំងរុស្ស៊ី។