ក្រុមអ្នកជំនាញយោធា បាននិយាយកាលពីថ្ងៃចន្ញ (២៥ វិច្ឆិកា) ថា កងកម្លាំងរុស្ស៊ី បាននិងកំពុងវាយរុលទៅមុខនៅអ៊ុយក្រែន ក្នុងល្បឿនដ៏លឿនបំផុតចាប់តាំងពីដើមខែនៃសង្រ្គាមមក ហើយកំពុងឆ្ពោះទៅកាន់តំបន់ប្រជុំជនយុទ្ធសាស្ត្រ គូរ៉ាខូវ (Kurakhove) និងកំពុងទាញយកប្រយោជន៍ពីភាពងាយរងគ្រោះរបស់កងទ័ពទីក្រុងគីវ។

អ្នកវិភាគនៅវិទ្យាស្ថានសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងរបាយការណ៍មួយថា "ថ្មីៗនេះកងកម្លាំងរុស្ស៊ី បាននិងកំពុងវាយរុលក្នុងល្បឿងលឿនខ្លាំងជាងអ្វីដែលពួកគេធ្លាប់បានធ្វើក្នុងឆ្នាំ២០២៣"។

របាយការណ៍នេះសង្កត់ធ្ងន់ពីការទទួលបានក្នុងសមរភូមិដែលត្រូវបញ្ជាក់នាពេលថ្មីៗនេះជិតទីក្រុង វូលេដា (Vuhledar) និង វេលីកា ណូវ៉ូស៊ីលកា (Velyka Novosilka) ដែលស្ថិតនៅក្នុងតំបន់ ដូណិត (Donetsk) ភាគខាងកើតអ៊ុយក្រែន។

របាយការណ៍ដែលចេញដោយក្រុមព័ត៌មានឯករាជ្យរុស្ស៊ី Agentstvo បានឱ្យដឹងថា កងទ័ពរុស្ស៊ី បានគ្រប់គ្រងផ្ទៃដីជិត ២៣៥គីឡូម៉ែត្រក្រឡា ក្នុងអ៊ុយក្រែនកាលពីសប្តាហ៍មុន ដែលជាតួលេខធំបំផុតក្នុងកំណត់ត្រាប្រចាំសប្តាហ៍សម្រាប់ឆ្នាំ២០២៤។
វិទ្យាស្ថានសិក្សាសង្គ្រាម និងអ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ី និយាយថា ទាហានទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងទីប្រជុំជន Kurakhove ដែលតំណាងឱ្យជំហានឆ្ពោះទៅកាន់មជ្ឈមណ្ឌលភស្តុភារ ផុករ៉ូវ (Pokrovsk) ដ៏សំខាន់ក្នុងតំបន់ Donetsk៕