ក្រុមជនអន្ធពាលនៅក្នុងប្រទេសហៃទី កំពុងជ្រើសរើសកុមារឱ្យចូលរួមក្រុម ក្នុងកម្រិតមិនធ្លាប់មានពីមុនមក ដោយចំនួនអនីតិជនដែលត្រូវកំណត់គោលដៅ បានកើនឡើង ៧០% នៅក្នុងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ (២៥ វិច្ឆិកា) ដោយអង្គការកុមារ យូនីសេហ្វ (UNICEF)។

អង្គការសហប្រជាជាតិនិយាយថា បច្ចុប្បន្ន ចន្លោះពី ៣០% ទៅ ៥០% នៃសមាជិកក្រុមជនអន្ធពាលទាំងអស់ក្នុងប្រទេសដែលរួបរឹតដោយអំពើហិង្សាមួយនេះគឺជាកុមារ។ លោកស្រី ហ្គីតា ណារ៉ាយ៉ាន (Geeta Narayan) តំណាងអង្គការ UNICEF ប្រចាំនៅហៃទីបានថ្លែងថា៖ «នេះជានិន្នាការដែលគួរឱ្យបារម្ភខ្លាំងណាស់»។

កំណើននេះកើតឡើងនៅពេលដែលភាពក្រីក្រកាន់តែស៊ីជម្រៅ និងហិង្សាកើនឡើង ស្របពេលមានអស្ថិរភាពនយោបាយ ហើយក្រុមជនអន្ធពាលដែលគ្រប់គ្រង ៨៥% នៃរដ្ឋធានីព័រអូប្រាំង បានបន្តវាយប្រហារលើសហគមន៍នានាក្នុងការជំរុញដើម្បីកាន់កាប់រដ្ឋធានីទាំងមូល។
លោកស្រី Narayan បាននិយាយនៅក្នុងបទសម្ភាសតាមទូរសព្ទពីហៃទីថា៖ ចំពោះក្មេងប្រុស ជារឿយៗត្រូវបានគេប្រើប្រាស់ជាអ្នកផ្តល់ព័ត៌មាន "ព្រោះមិនងាយមានគេដឹង និងមិនត្រូវចាត់ទុកថាជាការគំរាមកំហែង" ដោយអ្នកខ្លះត្រូវបានផ្តល់អាវុធ និងបង្ខំឱ្យចូលរួមក្នុងការវាយប្រហារ ចំណែកក្មេងស្រី ត្រូវបង្ខំឱ្យធ្វើម្ហូប បោសសម្អាត និងធ្វើជា "ភរិយា" សម្រាប់សមាជិកក្រុមជនអន្ធពាល៕