ប្រជាជនទូទាំងទីក្រុងធំៗនៅអាមេរិកឡាទីន នឹងអឺរ៉ុប បានដើរដង្ហែរតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាយេនឌ័រកាលពីថ្ងៃចន្ទ (២៥ វិច្ឆិកា) ដែលជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី។

នៅកន្លែងនានាដូចជារដ្ឋធានីម៉ិកស៊ិក បូលីវី និងអាហ្សង់ទីន ក្រុមអ្នកតវ៉ាទាមទារឱ្យមានចំណាត់ការ និងយុត្តិធម៌របស់រដ្ឋាភិបាល ខណៈបាតុករបានតវ៉ាប្រឆាំងនឹងអំពើហិង្សាផ្លូវភេទទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ។

នៅប្រទេសអឺរ៉ុប ដូចជាអេស្ប៉ាញ និងបារាំង ក៏បានមើលឃើញមនុស្សរាប់ពាន់នាក់ចេញតវ៉ានៅថ្ងៃចន្ទ ក្នុងទិវានេះ ដោយកាន់ស្លាកសញ្ញា និងបដា ដោយស្រែកពាក្យតវ៉ាប្រឆាំងអំពើហិង្សា។

អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី ក្នុងគោលដៅដើម្បីលើកកម្ពស់ការយល់ដឹងអំពីហិង្សាដែលស្ត្រីត្រូវទទួលរង និងការពិតដែលទំហំ និងដើមហេតុនៃបញ្ហាត្រូវបានលាក់បាំងជាញឹកញាប់៕