ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ថា ប្រទេសរុស្ស៊ីកំពុងពិចារណាអំពីលទ្ធភាពនៃការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី នៅក្នុងតំបន់អាស៊ី ប្រសិនបើមីស៊ីលរបស់សហរដ្ឋអាមេរិក មានវត្តមាននៅក្នុងតំបន់ដូចគ្នានោះ។
នៅពេលដែលត្រូវសួរថាតើរុស្ស៊ីកំពុងពិចារណាពីលទ្ធភាពនៃការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនិងមីស៊ីលរយៈចម្ងាយខ្លី នៅតំបន់អាស៊ីឬយ៉ាងណានោះ លោក Ryabkov បានប្រាប់អ្នកយកព័ត៌មានថា៖«ការលេចចេញនូវប្រព័ន្ធរបស់សហរដ្ឋអាមេរិកបែបនេះ នៅក្នុងតំបន់ណាមួយនៃពិភពលោក នឹងកំណត់ជំហានបន្ទាប់របស់យើង រួមទាំងក្នុងផ្នែកនៃការរៀបចំការឆ្លើយតបដោយយោធា និងបច្ចេកទេសយោធាផងដែរ»។
អ្នកការទូតរុស្ស៊ីរូបនេះ ក៏បាននិយាយផងដែរថា មូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុប រួមទាំងកន្លែងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនត្រូវបានរាប់បញ្ចូលជាគោលដៅដែលមានសក្តានុពលសម្រាប់រុស្ស៊ី ក្នុងករណីមានជម្លោះយោធាកើតឡើងនោះទេ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃចន្ទ បានប្រកាសថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារជាបន្តបន្ទាប់លើ «កន្លែងសំខាន់ៗ» នៅក្នុងតំបន់ចំនួនបី នៅភាគខាងលិចនៃប្រទេសរុស្ស៊ី។
លោកអគ្គសេនាធិការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកថា ឃ្លាំងស្តុកប្រេងមួយ នៅក្នុងតំបន់ Kaluga ត្រូវបានវាយប្រហារ ដោយបន្ថែមថា លទ្ធផលនៃការវាយប្រហារទៅលើគោលដៅផ្សេងទៀត នៅក្នុងតំបន់ Bryansk និងតំបន់ Kursk កំពុងត្រូវបានវាយតម្លៃ។

