វ៉ូវីណាម៖ កីឡាការិនីជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ពៅ សុខា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានមោទកភាពជាខ្លាំង បន្ទាប់ពីត្រូវបានលេខាធិការដ្ឋានអាស៊ានជ្រើសរើសរូបនាង ធ្វើជាទូតសុច្ឆន្ទៈកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជាដើម្បីត្រៀមចូលរួម «កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ដ្រីក្នុងវិស័យកីឡានៅអាស៊ាន» នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

កីឡាការិនីម្ចាស់មេដាយមាសពិភពលោករូបនេះបានបញ្ជាក់ថា ខ្លួនពិតជាភ្ញាក់ផ្អើលជាខ្លាំងដែលត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា ព្រោះបេក្ខភាពដែលកម្ពុជាបញ្ជូនទៅក៏មិនមែនមានតែខ្លួនដែរ។ ដូច្នេះ សុខា បានត្រៀមប្រធានបទសំខាន់មួយដើម្បីបង្ហាញ និងចែករំលែកក្នុងកម្មវិធីនាចុងឆ្នាំនេះគឺផលវិបាក និងផលប្រយោជន៍នៃការលេងកីឡារបស់ស្ដ្រី ពិសេសកីឡាប្រយុទ្ធតែម្ដង។
សូមបញ្ជាក់ថា កីឡាការិនី ពៅ សុខា ត្រូវបានលេខាធិការដ្ឋានអាស៊ានអញ្ជើញចួលរួម «កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអាស៊ាន និងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិក និងប៉ារ៉ាឡាំពិក អាស៊ានតូក្យូ ២០២០» នាថ្ងៃទី៣ ខែធ្នូខាងមុខនាទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី តាមរយៈសន្និសីទវីដេអូក្នុងនាមជាទូតសុច្ឆន្ទៈកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា រួមជាមួយនឹងទូតសុច្ឆទៈកីឡាស្ត្រីអាស៊ានមកពីប្រទេស ៩ផ្សេងទៀតផងដែរ៕
អត្ថបទ៖ លី ឈុនឡា