លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះលោក អាប់ឌុល ហ្គានី បារ៉ាដា ( Abdul Ghani Baradar)ថា ប្រទេសរុស្ស៊ីបានជួយផ្តល់ជំនួយមនុស្សធម៌ជាង ១.២០០តោន ទៅកាន់ទីក្រុងកាប៊ុល ក្នុងរយៈពេល ១២ខែ កន្លងទៅ ដោយខ្លួនឯង និងជាផ្នែកមួយនៃការរួមចំណែករបស់ខ្លួន ដល់មូលនិធិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃចន្ទ លោក Shoigu បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលលោកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសនេះ។ ក្នុងអំឡុងការចរចាចំនួន ៤លើក លោកបានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច ការដឹកជញ្ជូន និងសន្តិសុខ ជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។
លោក Shoigu បាននិយាយថា៖« ក្នុងរយៈពេល ១២ខែ កន្លងទៅនេះ ជំនួយមនុស្សធម៌ជាង ១.២០០ តោន ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកាប៊ុល តាមរយៈបណ្តាញទ្វេភាគី ក៏ដូចជានៅក្នុងក្របខ័ណ្ឌនៃការរួមចំណែករបស់រុស្ស៊ីដល់មូលនិធិកម្មវិធីស្បៀងអាហារពិភពលោករបស់ UN ផងដែរ»។
លោកបានកត់សម្គាល់ថា ជំនួយមនុស្សធម៌នេះ ត្រូវបានផ្តល់ដោយកងកម្លាំងនៃក្រសួងសង្គ្រោះបន្ទាន់ រុស្ស៊ី និងក្រសួងការពារជាតិ ក្នុងចំណោមជំនួយផ្សេងៗទៀត។ ជំនួយនេះ រួមបញ្ចូលអាហារ និង សម្ភារៈចាំបាច់ផ្សេងៗ។ លោក Shoigu បានបញ្ជាក់ថា ការងារបែបនេះ នឹងបន្តធ្វើតទៅទៀត។

