សហភាពអឺរ៉ុប (EU) កំពុងស្នើដាក់ទណ្ឌកម្មក្រុមហ៊ុនចិនមួយចំនួន ដែលខ្លួនអះអាងថា បានជួយក្រុមហ៊ុនរុស្ស៊ីផលិតយានដ្រូនវាយប្រហារដែលត្រូវបានដាក់ពង្រាយប្រឆាំងនឹងអ៊ុយក្រែន។
បើយោងតាមឯកសារដែលសារព័ត៌មាន Bloomberg បានឃើញ បានបង្ហាញថា គណៈកម្មការអឺរ៉ុប ដែលជាផ្នែកប្រតិបត្តិរបស់ EU ក៏កំពុងសម្លឹងរកមើលផងដែរដល់ការរឹតបន្តឹងលើនាវាដឹកប្រេងរុស្ស៊ីបន្ថែម ដើម្បីទប់ស្កាត់សមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការគេចចេញពីវិធានការដាក់កម្រិតដែលមានស្រាប់។
កាលពីថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) សារព័ត៌មាន Bloomberg បានរាយការណ៍ថា សំណើនេះកើតមានឡើង នៅពេលដែលក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ (G7) ជួបប្រជុំគ្នានៅប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ គ្រោងនឹងប្ដេជ្ញាឲ្យមាន «វិធានការសមស្រប» ប្រឆាំងនឹងប្រទេសចិន និងប្រទេសដទៃទៀតដែលកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
យ៉ាងណាក្ដី វិធានការរបស់ EU នេះ នឹងតម្រូវឲ្យមានការគាំទ្រពីរដ្ឋសមាជិកទាំង ២៧ប្រទេស។ ក្រុមហ៊ុនមួយចំនួន ត្រូវបានសហរដ្ឋអាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មរួចហើយ។ សំណើសុំការអត្ថាធិប្បាយដែលផ្ញើទៅគណៈកម្មការនេះ មិនទទួលបានចម្លើយត្រឡប់មកវិញភ្លាមៗនោះឡើយ។
បើយោងតាមឯកសារនោះ បានឲ្យដឹងទៀតថា EU ក៏បានស្នើផងដែរ ដោយបន្ថែមម្ចាស់ក្រុមហ៊ុនជនជាតិចិនដែលបានបំពានលើការរឹតបន្តឹងពាណិជ្ជកម្មរបស់ EU ទៅក្នុងកម្មវិធីដាក់ទណ្ឌកម្មនេះ ហើយដូចគ្នាដែរចំពោះក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលបានផ្តល់ឲ្យក្រុមហ៊ុនយោធារុស្ស៊ីនូវសមាសធាតុមីក្រូអេឡិចត្រូនិកដែលត្រូវបានហាមឃាត់ ព្រមទាំងមន្ត្រីការពារជាតិកូរ៉េខាងជើង ពាក់ព័ន្ធទៅនឹងការសម្រេចរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយទ័ព ដើម្បីជួយដល់រុស្ស៊ី៕

